លោក ​ឱម​ យ៉ិនទៀង​ប្រធាន​អង្គភាពប្រឆាំ​ងអំពើពុករ​លួយគួរបើកការ​ស៊ើបអង្កេតរឿ​ងអា​ស្រូវពុករលួយរបស់លោក​ ឈួន ​សោភា​ឲ្យស៊ីជម្រៅ​

By | May 6, 2019

ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា កន្លងមក​លោក  ឈួន សោភា ប្រធានការិយា ល័យ​ស្រាវ ជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ បាន​ប្រើ​អំណាច​គាប​យកលុយ​ពី​ក្រុមហ៊ុន ក្រុម​ឈ្មួញ និង​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូលមក​រាជធានី​ភ្នំពេញ ស្រេច​តែ​អំពើ​ចិត្ត​។ ស្នាក់ការ​លោក ឈួន សោភា ដែលមាន​ទីតាំង​នៅតាម​ផ្លូវជាតិ​លេខ​៥ ជិត​ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ គឺជា​កន្លែង​ដែល​លោក ឈួន សោភា ធ្វើ​សកម្មភាព​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​កាលពី​ថ្ងៃទី​០២ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ​លោក គុណ ញឹម អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា បានចេញ​លិខិត​កោះហៅ​លោក ឈួន សោភា អត្តលេខ​៤៣៦ មាន​តួនាទី​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ឲ្យ​ចូលមក​បំភ្លឺ​នៅ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក ដែលមាន​ទីតាំងនៅ​អគារ​វឌ្ឍនៈ​កា​ពី​តា​ល នៅវេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩​។

ប្រភពពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា អំពើពុករលួយ​របស់​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ គឺជា​រឿង​ដែល​មិនអាច​បិទបាំង​តទៅទៀត​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា ត្រូវបាន​ក្រុមហ៊ុន ក្រុម​ឈ្មួញ និង​ក្រុមអាជីវករ ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខាង​បន្ទាយមានជ័យ បើក​កកាយ​ជា​បន្តបន្ទាប់​ហើយ​នៅ​ទីបំផុត​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ចាត់ការ​លើ​លោក ឈួន សោភា តាម​ទង្វើ​ជាក់ស្ដែង​របស់​បុគ្គល​នេះ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន សោភា បាន​ឲ្យ​ដឹងថា កន្លងមក​ដោយសារ​អា​ង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញទំហឹង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​គយ​ចល័ត​ជិត​ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ឈួន សោភា មិនអាច​គេចវេះ​បានឡើយ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ឈួន សោភា ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឈួន សោភា ខ្លះ​ផង​។

ក្នុងខណៈដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទៅលើ​លោក ឈួន សោភា កាលពី​ថ្ងៃទី​០២ និង​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ គឺ​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា ឲ្យ​បាន​ស៊ីជម្រៅ​ផងដែរ​។ ដោយហេតុថា កន្លងមក​លោក ឈួន សោភា ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងខ្លាំង​ក្លា​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​សូម្បីតែ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ហើយ​មាន​ដាក់​ទំនិញ​ខ្លះ​ផង​នោះ ក៏ត្រូវ​លោក ឈួន សោភា តម្រូវ​ឲ្យ​បង់​ក្នុង​មួយខែ​ពី​៦​ទៅ​៧​លាន​រៀល​ផងដែរ​។ ឥឡូវនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា មិនអាច​បិទបាំង​តទៅទៀត​បានឡើយ ហើយ​សង្ឃឹមថា លោក គុណ ញឹម​មេ​គយ​ធំ មិន​បណ្ដែតបណ្ដោយ​ឲ្យ​លោក ឈួន សោភា ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត។បឋម

Leave a Reply

Your email address will not be published. Required fields are marked *