ប្រភពពីក្រុមឈ្មួញនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នលោក លន់ ប៊ុនថុល មេបញ្ជាការស្នាក់ការសន្តិសុខ៧០៩ ក្នុងស្រុកស្នួល ខេត្តក្រចេះបានដាក់ពង្រាយកូនចៅក្រោមឱវាទដើម្បីប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក លន់ ប៊ុនថុល ហ៊ានដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកឲ្យប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមអំពើចិត្ត គឺអាចមានការឃុបឃិតបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ចំណែកលោក វ៉ា ថន អភិបាលខេត្តក្រចេះ កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ក្នុងខណៈដែលលោក លន់ ប៊ុនថុល ដាក់ពង្រាយកម្លាំងឲ្យគាបយកលុយពីឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន និងឃុបឃិតឲ្យមានបទល្មើសព្រៃឈើកើតឡើងជាលំដាប់ ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា សម្រាប់ក្រុមឈ្មួញដឹកជញ្ជូនឈើតាមម៉ូតូ គឺត្រូវបង់លុយក្នុងមួយម៉ូតូ៥០០០០រៀល ហើយឈ្មួញដឹកជញ្ជូនឈើតាមរថយន្តត្រូវបង់១០០០០០រៀល។ ឈ្មួញទាំងនោះដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងជាច្រើនកន្លែងដូចជានៅចំណុចកុងត្រូល១ ច្រក១១៥ និងច្រក១២៣ ក៏ដូចជាច្រក៩៩៩ និងច្រក១២៩ តាមព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ។ សកម្មភាពរបស់ឈ្មួញក្នុងការសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនត្រូវបានគេដឹងថា ជាប្រភពចំណូលដ៏សំខាន់របស់លោក លន់ ប៊ុនថុល ហើយកំពុងធ្វើឲ្យព្រៃឈើនៅក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ។
ប្រភពដែលស្និទ្ធនឹងលោក លន់ ប៊ុនថុល បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ទេនោះគឺលោក លន់ ប៊ុនថុល មេបញ្ជាការអាវុធហត្ថស្នាក់ការសន្តិសុខ៧០៩ មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនឡើយ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងជាច្រើនកន្លែងក្នុងស្រុកស្នួល ខេត្តក្រចេះ នៅតែបន្តកើតឡើងយ៉ាងគំហុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមកត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រុមគយចល័តជាដើម ត្រូវបានគេដឹងថា ជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។(មានត)