មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើ ក្នុងខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ឈ្មួញឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ បង្កើនសកម្មភាពដឹកជញ្ជូន ឈើតាមរថយន្តសាំយ៉ុង និងរថយន្តកែច្នៃពីតំបន់ ស្រែស្បូវ ខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ចូលទៅខេត្តព្រៃវែង ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ពួកគេទេ។ ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ បានបញ្ជាក់ថា ឈ្មួញ២នាក់បងប្អូននេះតែងរត់ការបើកផ្លូវជាមុនទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួល ហើយសមត្ថកិច្ចតាមដងផ្លូវក្នុងខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង បានចាត់ទុកពួកគេជាប្រភពចំណូលដ៏សំខាន់។ មានការកត់សម្គាល់ថា កន្លងមកសមត្ថកិច្ចក្នុងខេត្តក្រចេះ និងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ ធ្លាប់បង្ក្រាបក្រុមឈ្មួញដឹកឈើមួយចំនួនដើម្បីយកស្នាដៃបង្ហាញថ្នាក់លើ ប៉ុន្តែសម្រាប់ឈ្មួញឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ តែងគេចផុតពីការបង្ក្រាប។
សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបឈ្មួញឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ បន្តសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងនិងរថយន្តកែច្នៃចេញពីតំបន់ស្រែស្បូវ ទៅចែកចាយតាមដេប៉ូក្នុងខេត្តព្រៃវែង យ៉ាងរលូន។ មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកសំបូរ ក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើនៅក្រុងក្រចេះ ព្រមទាំងលោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ នោះទេព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ ដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ទៅចែកចាយតាមដេប៉ូក្នុងខេត្តព្រៃវែង យ៉ាងស្រួលៗ។
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានលើកឡើងថា ចាប់តាំងពីលោក ទ្រី សុភ័ក្ត្រ ទទួលបានតំណែងជាប្រធានមន្ទីរកសិកម្មខេត្តក្រចេះ រួចមកគឺបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ ពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ ហើយលោក វ៉ា ថន អភិបាលខេត្តក្រចេះ បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបឈ្មួញឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ អាចបន្តសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង និងរថយន្តកែច្នៃពីតំបន់ស្រែស្បូវ ខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ចូលទៅចែកចាយតាមដេប៉ូជាច្រើនកន្លែងដោយគ្មានញញើតអ្វីទាំងអស់។ មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏ដូចជាមេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ កំពុងតែបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង។បឋម