ប្រភពពីប្រជាពលរដ្ឋក្នុងភូមិប៉ក់ធំ បានឲ្យដឹងទៀតថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះក្រុមឈ្មួញបានដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងភ្នំក្រហម យ៉ាងគំហុកព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ផ្ទុយទៅវិញសមត្ថកិច្ចនគរបាលនៅច្រករបៀងភ្នំក្រហម ក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ គឺជាអ្នកឃុបឃិតឲ្យឈ្មួញសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងភ្នំក្រហម ដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ទេនោះគឺមន្ត្រីនគរបាលប្រចាំច្រករបៀងភ្នំក្រហម ក៏ដូចជាសមត្ថកិច្ចនគរបាលវរការពារព្រំដែនក្នុងតំបន់នេះ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តនោះទេ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាសមត្ថកិច្ចនគរបាលច្រករបៀងប៉ុស្ដិ៍ភ្នំក្រហម ឃុបឃិតគ្នាបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយយប់ៗមានឈ្មួញដឹកជញ្ជូនឈើតាមរថយន្តឡង់គ្រឺស័រកែច្នៃចេញទៅស្រុកយួនតាមច្រករបៀងភ្នំក្រហម យ៉ាងតិច៣ទៅ៤គ្រឿងនិងដឹកតាមម៉ូតូមិនតិចជាង៥០គ្រឿងទៅ១០០គ្រឿងនោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានកត់សម្គាល់ថា ចាប់តាំងពីលោក យិន ចំណាន មកធ្វើជាស្នងការនគរបាលខេត្តរតនគិរី ជំនួសលោក ងួន គឿន រួចមកគឺបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនពុំមានការថយចុះនោះទេ ហើយមន្ត្រីនគរបាលគឺជាអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ថ្មីៗនេះមន្ត្រីនគរបាលនៅច្រករបៀងភ្នំក្រហម ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ក៏ដូចជាមន្ត្រីនគរបាលច្រករបៀងភូមិឡុំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ព្រមទាំងមន្ត្រីនគរបាលវរការពារព្រំដែនលេខ៦២៣ បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងអនាធិបតេយ្យតែម្តង។ ចំណែកលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មិនចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ហើយបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី។បឋម