រតនគិរីៈ លោក ប៉ុល វិសាល ដែលម្នាក់ៗ តែងតែស្គាល់ថា ជាអ្នកជំនួញវ័យក្មេង ពេលនេះកំពុងតែមានឥទ្ធិពលខ្លាំងបំផុត ក្រោយពីលោកមានសមត្ថភាពអាចបញ្ជាមន្រ្តីប៉ូលិសរបស់រដ្ឋ ឲ្យរត់ការជំនួញបទល្មើសព្រៃឈើបាន។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា លោក យ៉ាត សុធា មន្រ្តីនគរបាលពាក់ស័ក្តិ២ នៅខេត្តរតនគិរី ត្រូវបានគេលើកឡើងថា កំពុងកាន់សេដ្ឋកិច្ចឲ្យឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅភាគឦសាន្តប្រទេស ខណៈលោក គឺជាមន្រ្តីនគរបាលយុត្តិធម៌ កំពុងស៊ីប្រាក់ខែរដ្ឋ ដែលប្រជាពលរដ្ឋបង់ពន្ធគ្រប់ៗគ្នា។
លោក ប៉ុល វិសាល ត្រូវបានគេរាយការណ៍មកថា ជាមនុស្សមានឥទ្ធិពល និងជិតស្និតជាមួយអភិបាលខេត្តរតនគិរី លោក ថង សាវុន ហើយលោកក៏ជាមនុស្សដែលទើបនឹងល្បីល្បាញផងដែរ ខាងជំនួញបទល្មើសព្រៃឈើ បន្ទាប់ពីលោក ហូវ ជីវ៉ៃ អតីតមេការឧកញ៉ា ទ្រី ភាព អស់ឥទ្ធិពល។
លោក ប៉ុល វិសាល បច្ចុប្បន្នបានទិញអាជា្ញប័ណ្ណពីក្រុមហ៊ុន ដួង ស្រួច ដែលក្នុងអាជា្ញប័ណ្ណគេអនុញាតឲ្យចេញឈើ១៥០ម៉ែត្រគូប ស្មើរប្រហាក់ប្រហែល៣រថយន្ត តែធាតុពិតឈ្មួញម្នាក់នេះ បានចរាចរមិនតិចជាងរាប់រយរថយន្តឡើយ គិតចាប់តាំងពីថ្ងៃទី១០ ខែវិច្ឆកា រហូតមកទល់នឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ថ្មីៗនេះ។ លោក ប៉ុល វិសាល និងលោក យ៉ាត សុធា នៅរសៀលថ្ងៃទី២៦ ខែធ្នូនេះ សារព័ត៌មានចាប់ដៃ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយគ្មានលេខទូរសព្ទ័ទំនាក់ទំនង។
តាមសេចក្តីរាយការណ៍ គំនរឈើរាប់ពាន់កំណាត់ ត្រូវឈ្មួញប្រមូលចេញពីដងទន្លេសេសាន្ត ស្ថិតក្នុងស្រុកវើនសៃ កាលពីម៉ោង៤៖៣០នាទី ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំកុក ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។ រហូតដល់ម៉ោង១០យប់ ឈើទាំងនេះត្រូវបានដឹកចេញតាមច្រកអូរយ៉ាដាវ ឆ្ពោះទៅលក់នៅប្រទេសវៀតណាម។ គំនរឈើដែលគេប្រទះឃើញនោះ ត្រូវបានគេប្រាប់ថា ជាឈើរបស់ក្រុមឈ្មួញដែលបានប្រមូលទិញពីក្នុងព្រៃដែនជម្រកសត្វទោច ជាយឧទ្យានជាតិវិរៈជ័យ ជាប់ព្រំប្រទល់ខេត្តរតនគិរី និងស្ទឹងត្រែង ហើយមួយចំនួនទៀត ចេញពីតំបន់ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សេចក្តីរាយការណ៍ បន្តទៀតថា ក្រោយពេលឈ្មួញប្រមូលទិញបាន ពួកគេបានដឹកតាមគោយន្តច្នៃមកគរស្តុបទុកនៅតាមផ្ទះ និងមួយចំនួនជញ្ជូនបន្តទៅលាក់ទុកនៅមាត់កំពង់ទឹក ក្នុងភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តតនគិរី ទាំងថ្ងៃទាំងយប់។ សេចក្តីរាយការណ៍បញ្ជាក់ថា ឈើទាំងនេះ មានឈ្មួញឈ្មោះ ប៊ុល វិសាល និងលោក ណាក់ ក្បាលធំ ដែលមានឈ្មួញដ៏មានឥទ្ធិពលនៅពីក្រោយ ឈ្មោះ ហូវ ជីវ៉ៃ។ ទោះជាបែបណាក៏ដោយ បច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើនៅខេត្តជាយប្រទេសមួយចំនួន ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ត្រូវបានគេរាយការណ៍មកថា បាន និងកំពុងចរាចរយ៉ាងរលូនទៅលក់នៅប្រទេសវៀតណាម ហើយខ្លះមានរូបភាពដូចហែកឋិនតែម្ដង។