ប្រភពដែលស្និទ្ធនឹង លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការដែលលោក ហ៊ាល ទូច ប្រើតួនាទីនិង អំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង គឺដោយសារអាងមានខ្នងបង្អែក រឹងមាំនៅក្នុងអគ្គ នាយ កដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្ដែងក្នុងខណៈដែល មានការផ្លាស់ប្ដូរតំណែងប្រធាន សាខាគយជាច្រើនខេត្ត កាលពីដើមឆ្នាំ២០១៩ គឺលោក ហ៊ាល ទូច នៅរក្សាបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង យ៉ាងសុខស្រួលហើយបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយឲ្យលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនតទៅទៀតឡើយ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតទៅលើទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ឲ្យបានស៊ីជម្រៅផងដែរ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយនោះ បានចាប់រថយន្តដឹកភេសជ្ជៈបាកាស់ ជំរិតយកលុយ៥០០០ដុល្លារ ហើយក្រោយមានការសម្របសម្រួលគឺនៅសល់ត្រឹម២០០០ដុល្លារ។ ប្រភពបានឲ្យដឹងទៀតថា ករណីលោក ហ៊ាល ទូច ចាប់រថយន្តដឹកភេសជ្ជៈបាកាស់ ជំរិតយកលុយនោះគឺក្នុងខណៈដែលលោក ហ៊ាល ទូច ដឹកស្រីកំណាន់ទៅកម្សាន្តសប្បាយ ហើយទុកឲ្យមនុស្សជំនិតរបស់ខ្លួនសម្លុតគំរាមយកលុយពីអ្នករកស៊ីដឹកភេសជ្ជៈបាកាស់ ឲ្យម៉ូយយ៉ាងកំរោលតែម្តងដោយពុំមានការយោគយល់ឡើយ។ មនុស្សជំនិតរបស់លោក ហ៊ាល ទូច ដែលធ្វើសកម្មភាពជំរិតយកលុយពីអ្នកដឹកភេសជ្ជៈបាកាស់ ទៅឲ្យម៉ូយនោះត្រូវបានគេដឹងថាឈ្មោះ ណាល់ ហើយបុគ្គលនេះតែងធ្វើអ្វីៗតាមបញ្ជារបស់លោក ហ៊ាល ទូច យ៉ាងជំនាញ។
ប្រភពពីមន្ត្រីគយខេត្តកំពង់ឆ្នាំង មួយចំនួនបានបញ្ជាក់ថា ក្នុងពេលដែលមានការឃាត់រថយន្តដឹកភេសជ្ជៈបាកាស់១៥០កេស ជំរិតយកលុយ៥០០០ដុល្លារនោះ គឺលោក ហ៊ាល ទូច មានភារកិច្ចដឹកស្រីកំណាន់ទៅក្រេបទឹកឃ្មុំយ៉ាងរំភើយ ហើយទុកឲ្យមនុស្សជំនិតរបស់ខ្លួនជាអ្នកចាត់ការតែម្តង។ ក្រោយមកដោយមានការសម្របសម្រួលទើបឈ្មោះ ណាល់ ដែលជាមនុស្សជំនិតរបស់លោក ហ៊ាល ទូច ព្រមព្រៀងត្រឹម២០០០ដុល្លារដែលជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ព្រោះលោក ហ៊ាល ទូច និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តង។ ប្រភពពីម្ចាស់រថយន្តដឹកភេសជ្ជៈបាកាស់ បានឲ្យដឹងថា ខ្លួនដឹកភេសជ្ជៈបាកាស់១៥០កេស ទៅដាក់ឲ្យម៉ូយហួសទីរួមខេត្តប្រមាណជិត៥គីឡូម៉ែត្រ ហើយមិនបានជូនដំណឹងដល់មន្ត្រីគយ ទើបត្រូវមន្ត្រីគយដេញចាប់អូសយកមកដាក់ស្នាក់ការសាខាគយខេត្តកំពង់ឆ្នាំង ហើយរើឥវ៉ាន់ចេញពីឡានយ៉ាងកំរោលតែម្តង។ មន្ត្រីគយក្នុងខេត្តកំពង់ឆ្នាំង បានលើកឡើងថា មួយរយៈចុងក្រោយនេះលោក ហ៊ាល ទូច និងបក្ខពួកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង។បឋម