ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ចាប់តាំងពីលោក ជាម ច័ន្ទសោភ័ណ ទ ទួល បានតំណែងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង រួចមកគឺបទល្មើសដឹក ជញ្ជូនឈើចេញ ទៅស្រុកយួនតាមច្រកព្រំដែនក្នុង ស្រុកមេមត់ និងស្រុកពញាក្រែក ពុំមានការថយចុះ គួរឲ្យកត់សម្គាល់នោះទេ។ ជាក់ស្ដែងលោក ធៀម ម៉ាដែន ហៅតក់ មេនគរបាលប៉ុស្ដិ៍បឹងជ្រោង ឃុំជាំ ស្រុកមេមត់ ឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកបឹងជ្រោង យ៉ាងពេញបន្ទុកប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបលោក ធៀម ម៉ាដែន ហៅតក់ មិនញញើតក្នុងការបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកបឹងជ្រោង ព្រោះអាងមានលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាបង្អែករឹងមាំហើយក៏មានការឃុបឃិតបើកដៃពីសំណាក់លោក គឹម ឈុនលី ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មួយចំនួនបានបង្ហើបឲ្យដឹងថា រហូតមកដល់ពេលនេះលោក ធៀម ម៉ាដែន ហៅតក់ នៅតែឃុបឃិតបើកដៃពីឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកបឹងជ្រោង ឃុំជាំ ស្រុកមេមត់ យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ធៀម ម៉ាដែន ហៅតក់ មេប៉ុស្ដិ៍បឹងជ្រោង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនពាក់ព័ន្ធទៅនឹងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកនេះ គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ បើតាមមន្ត្រីនគរបាលដែលស្និទ្ធលោក ធៀម ម៉ាដែន ហៅតក់ បានឲ្យដឹងថាលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ គឺជាខ្នងបង្អែករឹងមាំរបស់លោក ធៀម ម៉ាដែន ហៅតក់ ហេតុនេះហើយទើបលោក ធៀម ម៉ាដែន ហៅតក់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
បើតាមប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ចាប់តាំងពីអំឡុងដើមខែមេសា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះលោក ធៀម ម៉ាដែន ហៅតក់ បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ពេលខ្លះលោក ធៀម ម៉ាដែន ហៅតក់ មិននៅកន្លែងប៉ុន្តែកូនចៅរបស់លោក ធៀម ម៉ាដែន ហៅតក់ គឺជាអ្នកបើកបារ៉ាស់ឲ្យឈ្មួញច្រើននាក់ដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុកតែម្តងដើម្បីជាថ្នូរនឹងផលប្រយោជន៍។ លើសនេះទៅទៀតលោក ធៀម ម៉ាដែន ហៅតក់ តែងប្រើប្រាស់ឈ្មោះលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីការពារទង្វើរបស់ខ្លួនទៀតផង ហើយសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់លោក ធៀម ម៉ាដែន ហៅតក់ នោះទេ។បឋម