ប្រភពដែលស្និទ្ធនឹងលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានលើក ឡើងថា ទំនង ជាលោក ងួន កុសល ចំណាយដើមទុនយ៉ាង ច្រើនក្នុងការទទួលបានតំណែងជា មេគយច្រកប៉ោយប៉ែត ទើបខំ ប្រឹងស្រង់ដើម។ ប្រភពបានបញ្ជាក់ទៀតថា ប្រសិនបើមិនចំណាយដើមទុនច្រើនទេនោះ គឺលោក ងួន កុសល មិនអាចទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានស្រួលៗបែបនេះទេ។ ដូច្នហើយទើបត្រឹមមួយរយៈពេលខ្លីសោះលោក ងួន កុសល សាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ហ៊ុយ សុជាតិ អតីតប្រធានការិយាល័យគយច្រកប៉ោយប៉ែត ទៅទៀត។
ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹងថា គ្រាន់តែទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភ្លាមគឺលោក ងួន កុសល ប្រើតួនាទីនិងអំណាចរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ការដែលលោក ងួន កុសល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយក៏មានការឃុបឃិតបើកដៃពីសំណាក់មេគយមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក ងួន កុសល ប្រធានការិយាល័យគយច្រកប៉ោយប៉ែត ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញធំៗកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយលោក ងួន កុសល ដើម្បីពួកគេអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូន។ ជាពិសេសករណីមន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃុបឃិតគ្នាជាមួយឈ្មួញកែឯកសារបន្លំប្រភេទទំនិញបំបាត់ចំណូលពន្ធរដ្ឋ គឺជារឿងដែលលោក គុណ ញឹម អគ្គនាយកគយ មិនគួរមើលរំលងតទៅទៀតនោះទេ។
ជុំវិញបញ្ហាខាងលើនេះប្រភពពីមន្ត្រីគយខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ងួន កុសល កំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាបង្អែកទៀតផង។ ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ងួន កុសល ហ៊ានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ហើយបែរជាគាបសង្កត់ឈ្មួញនិងអាជីវករតូចតាច ក៏ដូចជាប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកប៉ោយប៉ែត ដោយគ្មានយោគយល់ឡើយ។បឋម