ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នធំៗជា ច្រើននាក់ដូច ជា មេឈ្មួញ តាំង អៀង មេឈ្មួញ ណុប ឌី ហៅឆើត មេឈ្មួញ ង៉ូវ ទី និងមេឈ្មួញដែលជាសាច់ ញាតិមន្ត្រីជាន់ ខ្ពស់ក្នុងសាលាខេត្តពោធិ៍សាត់ កំពុងបន្តកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ យ៉ាងរលូន។ បើទោះបីព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល រងការបំផ្លាញយ៉ាងមហន្តរាយក៏ដោយ ក៏លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សនៅខេត្តពោធិ៍សាត់ ជាបន្ទាន់ព្រោះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កំពុងបណ្ដោយឲ្យលោក ប៉ាន់ មរកត និងមន្ត្រីក្រោមឱវាទនៅខេត្តពោធិ៍សាត់ ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា រហូតមកដល់ពេលនេះមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃុបឃិតឲ្យឈ្មួញធំៗកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់នេះយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា លោក ប្រាក់ អ៊ីឡេង មន្ត្រីបរិស្ថានដែលមានអំណាចខ្លាំងនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់នេះ។ ការដែលលោក ប្រាក់ អ៊ីឡេង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ សូម្បីតែលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏រក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ប៉ាន់ មរកត និងលោក ប្រាក់ អ៊ីឡេង ធ្វើអ្វីៗតាមអំពើចិត្ត ក្នុងខណៈដែលព្រៃឈើដែលនៅសេសសល់ក្នុងខេត្តពោធិ៍សាត់ កំពុងប្រឈមនឹងសេចក្ដីវិនាស។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ឃុបឃិតឲ្យឈ្មួញធំៗកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងរលូន។ បើតាមមន្ត្រីរាជការនៅក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ឃុបឃិតឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ គឺមានការបើកដៃពីសំណាក់លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។ ប្រភពពីមន្ត្រីក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក ប៉ាន់ មរកត អាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងបរិស្ថាន ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដោយគ្មានខ្លាចក្រែងអ្វីឡើយ។បឋម