ប្រភពពីប្រជាពលរដ្ឋក្នុង ឃុំក្បាលដំរី បានរំលឹកថា កន្លងមកអាជីវកម្មរ៉ែមាសខុសច្បាប់ នៅចំណុចភូមិអូរត្រូន មាន២ទី តាំងដែលបង្កឲ្យមាន មនុស្សស្លាប់ជាបន្តបន្ទាប់ ហើយរណ្ដៅរ៉ែមាស ទាំងនោះត្រូវបានបិទកាល ពីអំឡុងខែ កញ្ញា ឆ្នាំ២ ០១៧។ ប៉ុន្តែឥឡូវនេះ អាជីវកម្មរ៉ែមាសខុសច្បាប់កំពុងដំណើរ ការឡើងវិញចំនួន៥កន្លែង នៅចំណុចភូមិអូរត្រូន ហើយមិនដឹងថាមានច្បាប់អនុញ្ញាតឬក៏អត់នោះទេ ព្រោះមិនឃើញមន្ត្រីអាជ្ញាធរក៏ដូចជាមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ ចាត់វិធានការបង្ក្រាបនៅឡើយ។ ជាពិសេសលោក សុខ គិរីរ័ត្ន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ ត្រូវបានមន្ត្រីក្នុងមន្ទីរនេះមួយចំនួនបង្ហើបឲ្យដឹងថា គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនទើបក្រុមឈ្មួញអាចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅភូមិអូរត្រូន យ៉ាងរលូន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះបច្ចុប្បន្នរណ្ដៅរ៉ែ៥កន្លែងកំពុងដំណើរការយ៉ាងសុខស្រួល ហើយឈ្មួញកំពុងប្រើប្រាស់រំសេវបំផ្ទុះយករ៉ែមាសនិងប្រើសារធាតុគីមីចម្រាញ់យករ៉ែមាសធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិអូរត្រូនទាំងមូល។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួងរ៉ែនិងថាមពល ចាត់វិធានការទប់ស្កាត់អាជីវកម្មរ៉ែមាសខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងរាលដាលនៅក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សុខ គិរីរ័ត្ន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ ព្រមទាំងមន្ត្រីក្រោមឱវាទទេនោះគឺអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មិនអាចកើតឡើងរាលដាលដូចសព្វថ្ងៃនេះទេ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបក្រុមជនល្មើសអាចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់យ៉ាងគឃ្លើន ហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូន។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំក្បាលដំរី បានឲ្យដឹងថា បច្ចុប្បន្នរណ្ដៅរ៉ែមាសខុសច្បាប់៥កន្លែងកំពុងកើតឡើងនៅចំណុចភូមិអូរត្រូន ឃុំក្បាលដំរី ហើយមន្ត្រីការិយាល័យរ៉ែនិងថាមពលស្រុកសំបូរ ក៏ដូចជាលោក សុខ គិរីរ័ត្ន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ ប្រជាពលរដ្ឋក្នុងភូមិអូរត្រូន បានឲ្យដឹងថា សកម្មភាពរុករករ៉ែមាសនៅក្នុងមូលដ្ឋានពួកគាត់ គឺក្រុមឈ្មួញបានប្រើប្រាស់សារធាតុគីមីនិងប្រើប្រាស់រំសេវដើម្បីបំផ្ទុះយកថ្មរ៉ែមាសក្នុងរណ្ដៅរ៉ែធំៗ ហើយទម្លុះជម្រៅរាប់រយម៉ែត្រទៀតផង។ តាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីអាជ្ញាធរឃុំក្បាលដំរី ក៏ដូចជាមន្ត្រីអាជ្ញាធរស្រុកសំបូរ ទំនងជាទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ផងដែរ ទើបមិនចាត់វិធានការបង្ក្រាបបទល្មើសដែលកើតឡើង។(មានត)