ប្រភពស្និទ្ធនឹងលោក ណុប សំអាន បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាន ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកទំនប់រលក ដោយគ្មានញញើតអ្វីទាំងអស់។ ទន្ទឹមនឹងនេះឈ្មួញមួយចំនួនដែលរកស៊ីនាំចូលទំនិញបង់ពន្ធត្រឹមត្រូវកំពុងប្រឈមនឹងការលំបាកកាន់តែខ្លាំង ព្រោះលោក ណុប សំអាន និងបក្ខពួកគាបយកលុយលើតុក្រោមតុក៏ដូចជារាប់ក្បាលរថយន្តដឹកទំនិញចេញពីកំពង់ផែ យកលុយយ៉ាងសុខស្រួល។ រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ណុប សំអាន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ប៉ុន្តែលោក ណុប សំអាន ដែលអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនញញើតក្នុងការបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលនោះទេ។
សេចក្ដីរាយការណ៍ពីមន្ត្រីនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននេះលោក ណុប សំអាន ប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលក កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពយ៉ាងគឃ្លើន។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ណុប សំអាន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការសម្របសម្រួលពីមន្ត្រីគយធំៗក្នុងខេត្តព្រះសីហនុ ហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន មេគយច្រកទំនប់រលក ជាបន្ទាន់។ ដោយហេតុថា លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ កំពុងបណ្ដោយឲ្យលោក ណុប សំអាន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនយ៉ាងក្រអឺតក្រទម។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗប្រចាំខេត្តព្រះសីហនុ គឺលោក ណុប សំអាន ប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលក មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះទេ។ មន្ត្រីគយក្នុងខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញឈ្មោះ ចិត្រ និងឈ្មួញច្រើននាក់ទៀតនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូនព្រោះលោក ណុប សំអាន គិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយ។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងតទៅទៀតឡើយ ព្រោះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ណុប សំអាន មេគយច្រកទំនប់រលក ត្រូវបានបើកកកាយជាបន្តបន្ទាប់។ លើសនេះទៅទៀតលោក អូន ព័ន្ធមុនីរ័ត្ន មិនគួរទុកឲ្យលោក ណុប សំអាន ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះករណីលោក ណុប សំអាន ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ៕