ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំក្រាំងស្គារបានឲ្យដឹងថាកន្លងមកក្រុមអ្នកធ្វើសកម្មភាពប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅភូមិចំបក់ប្រាសាទ យកធ្វើជាកម្មសិទ្ធិរាប់រយហិកតាយ៉ាងស្រួលៗ គឺពួកគេប្រើឈ្មោះលោក ឈួរ ច័ន្ទឌឿន ធ្វើជាបង្អែក ហើយមានលោកផ្កាយ៣ ទា ឡេង ជាអ្នកកាង។ ដូច្នេះហើយទើបដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ រាប់រយហិកតាត្រូវបានក្រុមជនល្មើសឈូសឆាយទន្ទ្រានកាន់កាប់យ៉ាងស្រួលៗ ព្រោះមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជាមន្ទីរពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ប្រសិនបើមន្ត្រីអាជ្ញាធរឃុំ មន្ត្រីអាជ្ញាធរស្រុក និងមន្ត្រីអាជ្ញាធរខេត្ត មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនោះ គឺគ្មាននរណាហ៊ានធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយក្រុមជនល្មើសតែងយកឈ្មោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មកប្រើដើម្បីការពារសកម្មភាពរបស់ពួកគេទៀតផង។
ប្រជាពលរដ្ឋក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកផ្កាយ៣ ទា ឡេង ជាអ្នកកាងក្រុមជនល្មើសប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋរាប់រយហិកតាក្នុងភូមិក្រាំងស្គារ យកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន។ ចំណែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មិនហ៊ានប៉ះពាល់លោកផ្កាយ៣ ទា ឡេង នោះទេដោយសារដឹងថា មន្ត្រីយោធារូបនេះមានអំណាចខ្លាំងនិងមានខ្នងបង្អែករឹងមាំ។ ដូច្នេះហើយទើបលោកផ្កាយ៣ ទា ឡេង ហ៊ានប្រើអំណាចរបស់ខ្លួនធ្វើជាបង្អែកសម្រាប់ក្រុមជនល្មើសឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ រាប់រយហិកតានៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស យកធ្វើជាកម្មសិទ្ធិយ៉ាងពេញបន្ទុក។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស បានឲ្យដឹងថាលោកផ្កាយ៣ ទា ឡេង ល្បីល្បាញខាងប្រើអំណាចកាងក្រុមជនល្មើសប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋក្នុងមូលដ្ឋានពួកគាត់ជាយូរមកហើយ មិនដែលមាននរណាហ៊ានប៉ះពាល់នោះទេ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យឡើងវិញជាបន្ទាន់ ព្រោះលោកផ្កាយ៣ ទា ឡេង កំពុងប្រើអំណាចកាងក្រុមជនល្មើសប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ ក្នុងឃុំក្រាំងស្គារ យ៉ាងកំរោល។ ប្រជាពលរដ្ឋបានបញ្ជាក់ថា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមទាំងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានដឹងយ៉ាងច្បាស់ពីបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅឃុំក្រាំងស្គារ ក៏ប៉ុន្តែគេមិនចាត់វិធានការទប់ស្កាត់។បឋម