ឧកញ៉ា ​ទៀ វិចិត្រនាំចូល​ប្រេងសាំងគេច​ពន្ធចូលទាំងយប់ទាំង​ថ្ងៃគ្មាន​សមត្ថកិច្ចណា​ហ៊ា​នប៉ះ​ពាល់

By | September 22, 2018

ប្រភពពី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឧកញ៉ា ទៀ វិចិត្រ និង​ក្មួយប្រុស​ឈ្មោះ ឌី ដែល​កំពុង​ល្បីល្បាញ​ខាង​នាំចូល​ប្រេងសាំង​គេចពន្ធ​និង​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​នោះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជា​រៀងរាល់​យប់​ឧកញ៉ា ទៀ វិចិត្រ បាន​បញ្ជា​ឲ្យ​មនុស្ស​របស់ខ្លួន​ដឹកជញ្ជូន​ប្រេងសាំង​ចេញពី​ឃ្លាំង​ដែលមាន​ជញ្ជាំង​ផ្ទាល់ខ្លួន​និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់ខ្លួន​មួយកន្លែង​នៅ​ជិត​ផ្លូវ​ចូលទៅ​កោះ​ព្រាប ចំណុច​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។ កន្លែង​ឃ្លាំង​ស្តុក​ប្រេងសាំង​របស់​ឧកញ៉ា ទៀ វិចិត្រ គឺមាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្នាក់ការ​គយ​ទំនប់រលក ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​គយ​ឬ​សមត្ថកិច្ច​ពាក់​ពន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឧកញ៉ា ទៀ វិចិត្រ នោះទេ​ព្រោះ​គេ​បានដឹង​ច្បាស់​ពី​ឥទ្ធិពល​ខ្លាំងក្លា​របស់​ឈ្មួញ​រូបនេះ

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឧកញ៉ា ទៀ វិចិត្រ ដែលមាន​ខ្នងបង្អែក​រឹងមាំ​កំពុង​សម្រុក​នាំចូល​ប្រេងសាំង​គេចពន្ធ​មក​លក់​ចែកចាយ​ក្នុង​ខេត្ត​ព្រះសីហនុ កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឧកញ៉ា ទៀ វិចិត្រ គឺជា​កូនប្រុស​របស់លោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​ក្មួយប្រុស​របស់លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដូច្នេះហើយ​ទើប​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឧកញ៉ា ទៀ វិចិត្រ ឡើយ​។ ផ្ទុយទៅវិញ​មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឧកញ៉ា ទៀ វិចិត្រ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

បើតាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឧកញ៉ា ទៀ វិចិត្រ នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​កំពង់ផែ ៣​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ គឺ​ច្រក​ទំនប់រលក និង​ច្រក​កំពង់ផែផ្សេងៗទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​គយ​ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​បណ្ដា​ច្រក​ទាំងនេះ គឺជា​អ្នកសម្របសម្រួល​ឲ្យ​ឧកញ៉ា ទៀ វិចិត្រ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ព្រោះ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឧកញ៉ា ទៀ វិចិត្រ នោះឡើយ​។ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ​ទើប​ឧកញ៉ា ទៀ វិចិត្រ មិន​ញញើត​ក្នុងការ​នាំចូល​ប្រេងសាំង​គេចពន្ធ តាម​អំពើ​ចិត្ត​ហើយ​សូម្បីតែ​មន្ត្រី​គយ​លើ​ផ្ទៃសមុទ្រ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​លើ​ផ្ទៃសមុទ្រ ក៏ត្រូវ​មានការ​យោគយល់​ដល់​ឧកញ៉ា ទៀ វិចិត្រ ផងដែរ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា ទៀ វិចិត្រ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឧកញ៉ា ទៀ វិចិត្រ ព្រមទាំង​ក្មួយប្រុស​ឈ្មោះ ឌី កំពុង​សម្រុក​នាំ​ប្រេងសាំង​គេចពន្ធ​និង​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ចូល​តាម​ច្រក​ទំនប់រលក និង​ច្រក​ផ្សេងៗ​ទៀត​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​ព្រះសីហនុ គ្រាន់តែ​ឮឈ្មោះ​ឧកញ៉ា ទៀ វិចិត្រ គឺ​ពួកគេ​មិន​ហ៊ាន​ក្អក​ជាមួយ​ឡើយ​ព្រោះ​ឧកញ៉ា ម្នាក់នេះ​មាន​ឪពុក​ឈ្មោះ ទៀ វិញ ជា​មេបញ្ជាការ​កងទ័ពជើងទឹក ហើយ​មាន​បងប្រុស​ឈ្មោះ ទៀ សុខា ជា​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​។ លើស​នេះ​ទៅទៀត​ឧកញ៉ា ទៀ វិចិត្រ មាន​អ៊ុំ​ប្រុស​ឈ្មោះ ទៀ បាញ់ ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែលជា​បង្អែក​រឹងមាំ​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ ញាក់សាច់​ញាក់​ឆ្អឹង​គ្រប់ៗ​គ្នា​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *