ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញ ក៏ដូចជាពលរដ្ឋដែលប្រកបរបរដឹកកសិផល ដឹកខ្សាច់ ដឹកដី បានលើកឡើងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចកូនដំរី មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ គឺតម្រូវឲ្យពួកគាត់បង់លុយតាមការកំណត់ទើបអាចគេចផុតពីការរំខាន។
ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនសៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មន្ត្រីជញ្ជីងចល័តថ្លឹងរថយន្តនៅចំណុចភូមិកូនដំរី ខ្លះផង។ ដោយហេតុថា លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ កំពុងបណ្ដោយឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិកូនដំរី ប្រព្រឹត្តអំពើពុករលួយប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយដោយគ្មានញញើតអ្វីទាំងអស់។ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានបណ្ដោយឲ្យរថយន្តដឹកខ្សាច់លើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឆ្ពោះទៅក្រុងប៉ោយប៉ែត ដោយមិនអនុវត្តន៍តាមច្បាប់នោះឡើយ។ ទន្ទឹមនឹងនេះរថយន្តដឹកទំនិញធំៗដែលផ្ទុកលើសទម្ងន់ក៏អាចបើកបរឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចភូមិកូនដំរី តាមអំពើចិត្តដែរបើទោះបីរថយន្តធំៗទាំងនោះផ្ទុកលើសទម្ងន់ពី២០តោនទៅ៣០តោនយ៉ាងណាក៏ដោយ។ បញ្ហានេះកំពុងធ្វើឲ្យផ្លូវជាតិលេខ៥ និងផ្លូវផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យ ត្រូវខូចជាបន្តបន្ទាប់ព្រោះមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចភូមិកូនដំរី គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន។
ប្រភពពីឈ្មួញម្ចាស់រថយន្តដឹកទំនិញធំៗក៏ដូចជាឈ្មួញដឹកខ្សាច់ ដឹកថ្ម បានឲ្យដឹងថា មន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិកូនដំរី តម្រូវឲ្យពួកគេបង់លុយតាមការកំណត់ដោយមិនចាំបាច់ចូលថ្លឹងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ។ មន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដែលលោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក គឹម សុវណ្ណ ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងតទៅទៀតទេ ក្នុងខណៈដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិកូនដំរី ប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយ។(មានត)