ប្រភពពីមន្ត្រីនៅច្រកដូង មួយចំនួនបានបង្ហើបឲ្យដឹងថា ទំនិញដែលឈ្មួញនាំចូលតាមច្រកដូង គឺបង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការឃុបឃិតសម្របសម្រួលពីសំណាក់មន្ត្រីគយប្រចាំច្រកដូង ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដូច្នេះថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញជាបន្ទាន់ចំពោះបញ្ហាដែលកំពុងកើតឡើងនៅច្រកព្រំដែនប៉ុស្ដិ៍ដូង ស្រុករមាសហែក ខេត្តស្វាយរៀង ព្រោះបច្ចុប្បន្នឈ្មួញនាំទំនិញចេញចូលតាមច្រកនេះយ៉ាងពេញបន្ទុកដោយពុំមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញសមត្ថកិច្ចប្រចាំច្រកដូង ក៏ដូចជាមន្ត្រីគយប្រចាំច្រកដូង កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា មួយរយៈកន្លងទៅនេះមានឈ្មួញយួនចូលមកទិញប្ញស្សីពីងពង់ ហើយដឹកជញ្ជូនតាមរថយន្តធំៗចេញតាមច្រកទ្វារព្រំដែនប៉ុស្ដិ៍ដូង យ៉ាងពេញបន្ទុកដោយគ្មានការត្រួតពិនិត្យពីសមត្ថកិច្ចនៃច្រកនេះឡើយ។ ប្រភពបានឲ្យដឹងទៀតថា ក្រៅពីបណ្ដោយឲ្យឈ្មួញយួនចូលមកទិញប្ញស្សីពីងពង់ ដឹកចេញតាមរថយន្តធុនធំយ៉ាងអនាធិបតេយ្យគឺសមត្ថកិច្ចនៃច្រកដូង បានអនុញ្ញាតឲ្យរថយន្តច្រើនប្រភេទដែលមានទាំងរថយន្តទ្រុងបិទជិតផងដែរ ចេញចូលយ៉ាងគគ្រឹកគគ្រេង។ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំដូង ស្រុករមាសហែក បានបង្ហើបឲ្យដឹងថា ឈ្មួញយួនអាចបង្កប់ឈើក្រោមប្ញស្សីពីងពង់ ហើយដឹកចេញទៅស្រុកយួនយ៉ាងស្រួលៗព្រោះសមត្ថកិច្ចច្រកព្រំដែនដូង គិតតែពីរឿងផលប្រយោជន៍។
តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋរស់នៅក្បែរច្រកព្រំដែនប៉ុស្ដិ៍ដូង បានឲ្យដឹងថា ប្ញស្សីពីងពង់ត្រូវឈ្មួញយួនចូលមកប្រមូលទិញនៅក្នុងស្រុករមាសហែក និងស្រុកមួយចំនួនទៀតក្នុងខេត្តស្វាយរៀង ហើយដឹកជញ្ជូនតាមរថយន្តយីឌុបធុនធំ ក៏ដូចជាដឹកជញ្ជូនតាមគោយន្តនិងត្រាក់ទ័រចេញទៅស្រុកយួនជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះមានឈ្មួញមួយចំនួនដឹកជញ្ជូនទំនិញពីស្រុកយួនចូលស្រុកខ្មែរតាមម៉ូតូ រម៉កម៉ូតូ គោយន្តនិងរថយន្តធុនតូចយ៉ាងគគ្រឹកគគ្រេង ព្រោះមានការសម្របសម្រួលពីសំណាក់មន្ត្រីសមត្ថកិច្ចនៅច្រកដូង ដែលគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ បញ្ហានេះមន្ត្រីអាជ្ញាធរខេត្តស្វាយរៀង ក៏ដូចជាសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង កំពុងសម្ងំស្ងៀមបណ្ដោយឲ្យសមត្ថកិច្ចនៅច្រកព្រំដែនដូង ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។(មានត)