ភ្នំពេញ ៖ នារីវ័យក្មេង ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ដោយ២នាក់ដេកបែកពពុះមាត់ស្លាប់នៅក្នុងបន្ទប់ជួយមួយកន្លែង និងម្នាក់ទៀត ក្រោយពីពួកគេនាំគ្នាផឹកស្រាថ្នាំមួយប្រភេទដែលមានយីហោ «ស្រាទំពាំងបាយជូ» អស់ចំនួន ១១ដប រួចមិនស្រួលខ្លួនរត់ទៅរកពេទ្យនៅឯស្រុកកំណើត ក្នុងខេត្តកណ្តាល ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលជាន់ទី៣ ផ្ទះលេខ ២៧ ផ្លូវសុធារស (ទល់មុខផ្សារអ៊ីអន១) ក្រុម៤៤ ភូមិ៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា នារីរងគ្រោះ មានចំនួន៣នាក់ រួមមាន ៖
ទី១ មានឈ្មោះ ថ្លៃ ដាវី ហៅអាវី អាយុ១៨ឆ្នាំ មុខរបររត់តុ មានស្រុកកំណើត នៅភូមិអ្នកលឿងក្រោកឃុំអ្នកលឿង ស្រុមពាមរ ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
ទី២ មានឈ្មោះ ព្រួច ម៉ូលីកា អាយុ១៨ឆ្នាំ កម្មការរិនីរោងចក្រ នៅសេវេនអេនជី មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំបិល ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល ទាំង២នាក់ជាមិត្តភក្តិនឹងគ្នាដេកស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ជួលតែមួយ ។
និងទី៣ ជាមិត្តភក្តិនឹងនារីរងគ្រោះទី២ បានស្លាប់នៅឯស្រុកមានឈ្មោះ ផៃ អាយុ១៧ឆ្នាំ មុខរបរសារឡន មានស្រុកកំណើតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីកន្លែង បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែកញ្ញាម្សិលមិញនេះ នារីរងគ្រោះទាំង ៣នាក់ បានគ្នាទិញស្រាមួយប្រភេទ ដែលមានឈ្មោះ«ស្រាទំពាំងបាយជូ» ចំនួន១២ដប យកមកផឹកលាយជាមួយនឹងទឹកក្រូចកូការកូឡា ។ ក្រោយពីផឹករួច នារីរងគ្រោះឈ្មោះ អាផៃ មានអាការមិនស្រួលក្នុងខ្លួនខ្លាំង ក៏បានទៅស្រុកវិញ ដើម្បីរកពេទ្យព្យាបាលក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ។
ដោយបានដឹងដំណឹងថា អាផៃ ជាមិត្តភក្តិរបស់គេម្នាក់ ដែលផឹកស្រាថ្នាំជាមួយគ្នា និងស្លាប់បាត់បង់ជីវិតនៅឯស្រុកនោះ ទើបនារីជាមិត្តភក្តិទូរសព្ទរករងគ្រោះទាំង២នាក់ តែមិនមានអ្នកណាម្នាក់លើក ដោយមានការសង្ស័យ ក៏បានមកតាមមកដល់បន្ទប់ជួលខាងលើ ក៏បានគោះទ្វារហៅ ប៉ុន្តែមិនមានអ្នកណាម្នាក់ឆ្លើយ និងបើកទ្វារអោយទេ ។ បន្ទាប់មក ក៏បានចុះមកប្រាប់ម្ចាស់ផ្ទះជួល អោយជួយមកមើល ។ ពេលដែលនារីជាមិត្តភក្តិ និងម្ចាស់ផ្ទះជួល នាំំគ្នាគោះទ្វារស្រែកហៅ ក៏នៅតែមិនបើក ហើយទ្វារដាក់គន្លឹះជាប់ខាងក្នុងទៀត ក៏បាននាំគ្នា រាយការណ៍ទៅប្រាប់អាជ្ញាធរភូមិ អោយចុះមកជួយមើល ហើយក៏បាននាំគ្នាធាក់ទ្វារទម្លាយចូលទៅក្នុងបន្ទប់ក៏បានឃើញពួកគេទាំង ២នាក់ បែកពពុះមាត់ ស្លាប់បាត់បង់ជីវិតអស់ទៅហើយ ដោយមិនដឹងតាំងពីពេលណាទេ ?
នៅក្នុងបន្ទប់ជនរងគ្រោះ គេបានឃើញដបស្រាដែលមានឈ្មោះ«ស្រាទំពាំងបាយជូ» ចំនួន១២ ដប ដោយពួកគេផឹកអស់ចំនួន ១១ដប ដែលយកទៅអុក ឬលាយជាមួយនឹងទឹកក្រូច ផឹក ។
ក្រោយកើតហេតុ កម្លាំងមានសម្ថកិច្ចខណ្ឌចំការមន ក៏បានធ្វើការសហការជាមួយនិង ក្រុមគ្រូពេទ្យ ចុះយកសំណាក រកវីរុសកូវីដ-១៩ ទៅលើកនារីវ័យក្មេងទាំង២នាក់ខាងលើ ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ។
ទើបបានប្រគល់អោយខាងកម្លាំងនគរបាលជំនាញកលសលវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ លើសាកសពបានបញ្ជាក់ជាបឋមថា នារីរងគ្រោះទាំង២នាក់ស្លាប់បាត់បង់ជីវិត ដោយសារគាំងបេះដូង ដែលបណ្តាលមកពីពុលសារជាតិមេតាមណុលខ្ពស់ ។ បន្ទាប់មក ទើបបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតរៀងៗខ្លួន ៕