ថ្មីៗសង្គមស៊ីវិលបានជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តច្បាប់និងវិន័យរដ្ឋបាល ដល់លោក កឹង ឃន ស្នងការខេត្តស្វាយរៀង អោយតឹងរឹងជាបន្ទាន់ប្រសិនបើរកឃើញថា ជននេះបានប្រព្រឹត្តអំពើពុករលួយ ជិះជាន់ និងគាបសង្កត់ទៅលើមន្ត្រីតាមតែទំនើងចិត្តណោនោះ !
តាមមន្ត្រីសង្គមស៊ីវិលជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តច្បាប់និងវិន័យរដ្ឋបាល ដល់ស្នងការខេត្តស្វាយរៀងលោក កឹង ឃន ប្រសិនបើរកឃើញថា ស្នងការរូបនេះបានប្រព្រឹត្តអំពើពុករលួយដួចការចោទប្រកាន់របស់មន្ត្រីនគរបាលជាង ២០នាក់មែននោះ។
មិនតែប៉ុណ្ណោះមន្ត្រីសង្គមស៊ីវិលចាំអ៊ុតមើលថា តើក្រសួងមហាផ្ទៃនិងអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តច្បាប់ករណីនេះ ឬទេស្របពេលដែលនគរបាលខេត្តស្វាយរៀងជាង២០នាក់ បានចុះហត្ថលេខាចោទប្រកាន់ស្នងការខេត្តស្វាយរៀង លោកកឹង ឃន ថា បានប្រព្រឹត្តអំពើពុករលួយដល់ឆ្ងឹងជាច្រើនករណីច្រើនឆ្នាំកន្លងមកនេះ។
បើតាមប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ឱ្យដឹងនៅថ្ងៃទី១៧ មីនាថា បណ្ដឹងអនាមិកដែលមិនចេញឈ្មោះតែមានហេតុផលសមរម្យស្របពេលមានហេតុការណ៍ជាក់ស្ដែងកើតឡើងមែននោះការស៊ើបអង្កេតត្រូវតែធ្វើឡើងដោយត្រូវវែកញែករកយុត្តិធម៌ជូនអ្នករងគ្រោះដោយសារអំពើពុករលួយ ឬការរំលោភអំណាចជាដើម។
លោក សន ជ័យ បញ្ជាក់ថា ៖ អង្គភាពប្រឆាំងអំពើពុករលួយត្រូវស៊ើបអង្កេតករណីនេះដោយសុក្រឹត ឯករាជ និង តម្លាភាព។ លោករំពឹងថា អង្គភាពនេះ និងក្រសួងមហាផ្ទៃ នឹងចាត់វិធានការរឿងនេះដោយមិនឈរលើមូលដ្ឋានលម្អៀងនោះទេ៖ «តាមច្បាប់ដែលមានខ្ញុំគិតថា ដូចជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចាត់វិធានការអំពើពុករលួយហើយ។អ៊ីចឹងទៅ ក្រៅពីការស៊ើបអង្កេតការអនុវត្តច្បាប់ធានាបាននូវអព្យាក្រឹតភាព និង ឯករាជភាពរបស់អង្គភាពប្រឆាំងក្នុងការចាត់វិធានការលើសំណុំរឿងពុករលួយវាត្រូវតែធ្វើ។ ចាត់វិធានការផ្លូវច្បាប់ទៅលើអ្វី ដែលរកឃើញទៅតាមការចោទប្រកាន់» មែននោះ។
គួររំលឹកថា ៖ កាលពីថ្ងៃទី១៤ មីនា មន្ត្រីនគរបាលខេត្តស្វាយរៀងជាង ២០នាក់ (២៣) បានចុះហត្ថលេខាលើលិខិតចំនួន ៣ទំព័រ ដោយចោទស្នងការខេត្តស្វាយរៀងលោក កឹង ឃន ថា រំលោភអំណាចប្រព្រឹត្តអំពើពុករលួយ និងទទួលសំណូកពីឈ្មួញជនជាតិវៀតណាមជាថ្នូរអនុញ្ញាតឱ្យនាំទំនិញចូលកម្ពុជាតាមច្រករបៀង ៩កន្លែងក្នុងខេត្តជាប់ព្រំដែននេះ។
ជាងនេះទៅទៀត ពួកគេអះអាងថា ៖ ស្នងការរូបនេះបានឃុបឃឹតបញ្ជូនសាច់ញាតិឱ្យទៅគ្រប់គ្រងច្រករបៀងគ្រប់ច្រកដើម្បីចាំទទួលលុយពីឈ្មួញជនបរទេសនាំទំនិញខូចគុណភាពចូលដោយសេរីគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ។
ក្រៅពីនេះស្នងការរូបនេះក៏បានឃុបឃិតជាមួយស្នងការរងម្នាក់ដកមន្ត្រីស្លូតត្រង់គ្មានកំហុស ហើយដាក់ជំនួសមកវិញមន្ត្រីមិនចេះធ្វើកិច្ចការងារ។ លិខិតដដែលបន្ថែមថា ស្នងការរូបនេះបានចាត់ឱ្យស្នងការរងម្នាក់នោះជ្រើសរើសមន្ត្រីនគរបាលណាដែលចូលក្របខ័ណ្ឌរដ្ឋពេញសិទ្ធិតម្រូវឱ្យបង់ប្រាក់ឱ្យពួកគេក្នុងម្នាក់ៗ ១២.០០០ដុល្លារ។ ហើយលើសពីនេះស្នងការរូបនេះតែងតែបើកដៃឱ្យជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់មកលក់ឆ្នោតនៅខេត្តស្វាយរៀង និងរកស៊ីជំនួញផ្សេងទៀតខុសច្បាប់។
ពាក់ព័ន្ធនឹងព័ត៌មានដ៏រសើបនេះការិយាល័យយើងបានព្យាយាមទាក់ទងស្នងការខេត្តស្វាយរៀងលោក កឹង ឃន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី១៧ មីនាកន្លងមកនេះ ។
ទោះយ៉ាងណារដ្ឋបាលខេត្តស្វាយរៀងថ្មីៗ នេះបានថ្លែងតាមរយៈកាសែតក្នុងស្រុកមួយ ដោយបដិសេធថា ៖ ពុំមានស្ថាប័នណាមួយដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់យកលុយរាប់ម៉ឺនដុល្លារជាថ្នូរអនុញ្ញាតឱ្យនាំទំនិញដោយខុសច្បាប់ចូលមកកម្ពុជាក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនោះទេ។
បញ្ហាដ៏រសើបនេះ រដ្ឋបាលខេត្តនេះសន្យាថា ៖ នឹងស្រាវជ្រាវជាក់ស្ដែងប្រសិនបើមានករណីនេះមែនអាជ្ញាធរខេត្តនឹងចាត់វិធានការជាបន្ទាន់តាមផ្លូវច្បាប់ ។
ដោយឡែកប្រភពពីមន្ត្រីនគរបាលមួយចំនួននៅខេត្តស្វាយរៀងវិញបានខ្សឹបថ្លែងមិនហ៊ានបញ្ចេញឈ្មោះ បង្ហើបថាអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នផ្សេងទៀតថ្មីៗ នេះ បានចុះស្រាវជ្រាវជាក់ស្ដែងទាក់ទិនអំពើពុករលួយរបស់ស្នងការខេត្តស្វាយរៀង ក៏ប៉ុន្តែមិនទាន់ចាត់វិធានការយ៉ាងណានៅឡើយទេទៅលើភាពបែកធ្លាយដ៍គម្រក់របស់បុគ្គល កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ។
មានការលើកឡើងថា ៖ ពួកគេមិនរំពឹងថា ៖ ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយនឹងដោះស្រាយករណីនេះដោយយុត្តិធម៌ ឬយ៉ាងណាទេ ព្រោះសំណុំរឿងបុគ្គលនេះមានខ្សែធំនូវពីក្រោយចាំកាងនោះ ។ ក៏ប៉ុន្តែបើគេចង់ស្រាវជ្រាវរកតម្លាភាពការពិតនោះ វាមិនពិបាកស៊ើបអង្កេតនោះទេ ខណៈស្នងការរូបនេះបានប្រព្រឹត្តអំពើពុករលួយជាច្រើនករណី ហើយមនុស្សជាច្រើនក្នុងអង្គភាពនេះសុទ្ធតែបានដឹងពីរឿងអាស្រូវនឹងកំហុសឆ្គងរបស់បុគ្គល កឹង ឃន នោះ ៕
ដោយ ស ជាតិ