ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចាត់ទុកក្រុមឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ទើបមិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើប្រកបដោយប្រសិទ្ធភាព។ ហេតុនេះហើយទើបមេឈ្មួញ ណុប ឌី ហៅឆើត មេឈ្មួញ ជឿង ថេង និងមេឈ្មួញ តាំង អៀង ជាដើម នៅតែអាចដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ចូលខេត្តកំពង់ស្ពឺ ហើយចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងខេត្តតាកែវ និងខេត្តកំពត យ៉ាងពេញបន្ទុក។ ជាងនេះទៅទៀតប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានអះអាងថា ដោយសារអាងមានមន្ត្រីធំៗនៅក្នុងក្រសួងបរិស្ថាន ជាបង្អែករឹងមាំទើបលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ ប្រើប្រាស់អំណាចនិងតួនាទីរបស់ខ្លួនដើម្បីប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួល។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ដែនអភិរក្សជួរភ្នំក្រវាញភាគកណ្ដាល និងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស នៅតែបន្តកើតឡើងយ៉ាងរាលដាលព្រោះការបង្ក្រាបពីសំណាក់កម្លាំងអាវុធហត្ថជាបន្តបន្ទាប់កន្លងទៅនេះ ពុំមានប្រសិទ្ធភាពឡើយ។ សកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានកត់សម្គាល់ថា ការបង្ក្រាបបទល្មើសព្រៃឈើពីសំណាក់សមត្ថកិច្ចអាវុធហត្ថក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកក្រគរ ជាបន្តបន្ទាប់កន្លងទៅនេះ គឺបានត្រឹមតែធ្វើឲ្យល្អមើលព្រោះឈ្មួញធំៗដូចជា ឈ្មួញឈ្មោះ ណុប ឌី ហៅឆើត ឈ្មួញឈ្មោះ តាំង អៀង ឈ្មួញឈ្មោះ ចែភក្ដិ ឈ្មួញឈ្មោះ កោះ សំភី ហៅតាហយ និងឈ្មួញជាបក្ខពួករបស់លោក តែម ធារ៉ា មន្ត្រីអាវុធហត្ថខេត្តពោធិ៍សាត់ នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើយ៉ាងរលូន។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានឲ្យដឹងថា មន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស តំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ក៏ដូចជាតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺជាអ្នកឃុបឃិតឲ្យឈ្មួញធំៗកាប់ឈើនិងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ការដែលមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃការពារ ព្រៃអភិរក្ស ទាំងនោះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ប៉ាន់ មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងបរិស្ថាន។ ជាការពិតលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តែងរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បណ្ដោយឲ្យមន្ត្រីក្រោមឱវាទឃុបឃិតជាមួយឈ្មួញបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ។(មានត)