ប្រភពពីមន្ត្រីនិងភ្នាក់ងារគយ ក្នុងខេត្តកំពត មួយចំនួនបានបង្ហើប ឲ្យដឹងថា បច្ចុប្បន្នលោក ញ៉ែម សេង ប្រធានការិយាល័យគយ ច្រកទ្វារអន្ត រជាតិព្រែកចាក ប្រើតួនាទីនិងអំ ណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លា ជាងមុនទៅទៀតព្រោះ អាងមានលោក ហេង សំបូរ មេគយ ខេត្តកំពត ជាខ្នងបង្អែកយ៉ាងរឹងមាំ។ រឿងអាស្រូវពុករលួយរបស់លោក ញ៉ែម សេង ត្រូវបានបើកកកាយជាបន្តបន្ទាប់រួចទៅហើយ ក៏ប៉ុន្តែទាំងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុន ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ថ្មីៗនេះមានសេចក្ដីអំពាវនាវពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពត អំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ជាបន្ទាន់។ ដោយហេតុថាមួយរយៈចុងក្រោយនេះដោយសារមានលោក ហេង សំបូរ មេគយខេត្តកំពត ជាខ្នងបង្អែករឹងមាំហើយមានការសម្របសម្រួលពីសំណាក់មន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងនោះ គឺលោក ញ៉ែម សេង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ មិនតែប៉ុណ្ណោះលោក ញ៉ែម សេង បានប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករដើម្បីបិទបាំងអំពើពុករលួយរបស់ខ្លួនយ៉ាងគឃ្លើន ហើយថែមទាំងឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនជាងមុន។
ជុំវិញបញ្ហាខាងលើនេះដែរ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូលតាមច្រកនេះបង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺហូរចូលក្នុងហោប៉ៅលោក ញ៉ែម សេង និងលោក ហេង សំបូរ មេគយខេត្តកំពត ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងតួនាទីជាប្រធានការិយាល័យគយច្រកព្រែកចាក គឺលោក ញ៉ែម សេង ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ហើយបែរជាគាបសង្កត់យ៉ាងកំរោលទៅលើអាជីវករតូចតាចនិងប្រជាពលរដ្ឋដែលនាំចូលទំនិញបនិ្តចបន្តួចពីស្រុកយួនដើម្បីបានប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះសូម្បីតែប្រជាកសិករដែលដឹកស្រូវ ពោត ដំឡូងមី និងគ្រាប់ស្វាយចន្ទី ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិព្រែកចាក ក៏ត្រូវលោក ញ៉ែម សេង និងបក្ខពួកគាបយកលុយយ៉ាងកំរោលដែរ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករមួយចំនួនបានរិះគន់ថា ពួកគាត់នាំចូលទំនិញបង់ពន្ធត្រឹមត្រូវតាមច្បាប់ក៏នៅតែត្រូវចំណាយលុយលើតុក្រោមតុឲ្យលោក ញ៉ែម សេង និងបក្ខពួកដោយមិនអាចខកខានបានឡើយ ដែលជាហេតុធ្វើឲ្យមុខរបររបស់ពួកគាត់ស្ទើរតែគ្មាននៅសល់កម្រៃសម្រាប់ដោះស្រាយជីវភាព។ ទន្ទឹមនឹងនេះលោក ញ៉ែម សេង និងបក្ខពួកឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក បានអះអាងថាលោក ញ៉ែម សេង តែងតែប្រើប្រាស់ឈ្មោះលោក ហេង សំបូរ មេគយខេត្តកំពត និងឈ្មោះមន្ត្រីគយធំៗមួយចំនួននៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដើម្បីបិទបាំងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទមបំផុត។ ដូច្នេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតរឿងអាស្រូវពុករលួយរបស់លោក ញ៉ែម សេង មេគយច្រកព្រែកចាក ជាបន្ទាន់ព្រោះមួយរយៈចុងក្រោយនេះលោក ញ៉ែម សេង ប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាំងអស់៕