កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅថ្មីៗនេះប្រជាពលរដ្ឋរាប់សិបគ្រួសារបាននាំគ្នាប្រមូលផ្ដុំតវ៉ានៅចំណុចដីស្រែប្រាំងវាលស្រងែ ភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ដើម្បីទាមទារឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ជួយដោះស្រាយដល់ពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នាតវ៉ាបានឲ្យដឹងថា ដីស្រែប្រាំងក្នុងតំបន់៣ ទំហំជាង៤០០០ហិកតា ត្រូវបានរាជរដ្ឋាភិបាល ចេញសេចក្ដីជូនដំណឹងកាត់ខ្វៀលឲ្យពួកគាត់តាំងពីឆ្នាំ២០១៤ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានចំណែកដីនៅឡើយទេ។ ផ្ទុយទៅវិញលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងលោក ហេង មនោ មេឃុំផាត់សណ្ដាយ ព្រមទាំងបក្ខពួកបានទន្ទ្រានកាន់កាប់ដីស្រែប្រាំងយកធ្វើជាកម្មសិទ្ធិជិត២០០០ហិកតា រួចទៅហើយ។
តាមការអះអាងរបស់តំណាងប្រជាពលរដ្ឋក្នុងភូមិទួលនាងសាវ បានឲ្យដឹងថា លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ក៏ដូចជាលោក ហេង មនោ មេឃុំផាត់សណ្ដាយ ព្រមទាំងមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលជលផលជាច្រើននាក់ទន្ទ្រានកាន់កាប់ដីស្រែប្រាំងជិត២០០០ហិកតា ដោយមិនបែងចែកជូនប្រជាពលរដ្ឋឡើយ។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកំពង់ធំ សម្ងំស្ងាត់ឈឹងទុកឲ្យលោក អ៊ុន បុត្ត និងលោក ហេង មនោ ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តរបស់ពួកគេ។ តំណាងប្រជាពលរដ្ឋដែលដឹកនាំប្រមូលផ្ដុំគ្នាតវ៉ាកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ពួកគាត់ត្រូវទទួលបានចំណែកដីស្រែប្រាំងក្នុងមួយគ្រួសារទំហំ៥ហិកតា ប៉ុន្តែមកទល់ពេលនេះលោក អ៊ុន បុត្ត និងលោក ហេង មនោ បែងចែកសម្រាប់តែបក្ខពួកខ្លួនប៉ុណ្ណោះ។ ថ្មីៗនេះប្រជាពលរដ្ឋរស់នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហាដីស្រែប្រាំងរបស់ពួកគាត់ក្នុងភូមិទួលនាងសាវ ជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា លោក ហេង មនោ មេឃុំផាត់សណ្ដាយ និងលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានប្រើអំណាចទន្ទ្រានកាន់កាប់ដីស្រែប្រាំងក្នុងតំបន់៣ទំហំជាង៤០០០ហិកតា ដែលរាជរដ្ឋាភិបាលចេញសេចក្ដីជូនដំណឹងកាត់ខ្វៀលឲ្យប្រជាពលរដ្ឋកាលពីឆ្នាំ២០១៤។ ប្រជាពលរដ្ឋក្នុងភូមិទួលនាងស្វាយ បានឲ្យដឹងថា បច្ចុប្បន្នពួកគាត់មិនបានទទួលដីស្រែប្រាំងតាមរយៈការបែងចែកពីសំណាក់មន្ត្រីអាជ្ញាធរឃុំ និងមន្ត្រីអាជ្ញាធរស្រុកនោះទេ ហើយផ្ទុយទៅវិញលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ និងលោក ហេង មនោ មេឃុំផាត់សណ្ដាយ ព្រមទាំងបក្ខពួកទន្ទ្រានយកដីប្រមាណ២០០០ហិកតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទមបំផុត។បឋម