ប្រភពពីមន្ត្រីគយខេត្តត្បូងឃ្មុំ ដែលស្និទ្ធនឹងលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង បានឲ្យដឹងថា ការ ដែលលោក អ៊ួន សុវណ្ណារ៉ា ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើ ពុករលួយដោយគ្មានញញើត អ្វីទាំងអស់ គឺដោយសារអាង មានខ្នង បង្អែក រឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង រួចមកគឺឈ្មួញនាំចូលទំនិញតាមច្រកនេះត្រូវបង់ពន្ធជូនរដ្ឋត្រឹមតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយឈ្មួញធំៗខ្លះបង់ពន្ធតាមរបៀបម៉ៅការ។ លើសនេះទៅទៀតលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតជាមួយឈ្មួញធំៗមួយចំនួនបន្លំប្រភេទទំនិញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងគឃ្លើន ដូចជាឈ្មួញនាំចូលគ្រឿងអេឡិចត្រូនិក ឬទំនិញដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់បែរជាគេដាក់ក្នុងឯកសារថា ជាក្រដាសអនាម័យឬទំនិញចាប់ហួយទៅវិញ។ អំពើពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា បែបនេះបានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង តទៅទៀតឡើយហើយគួរចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
រឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងការប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនត្រូវបានមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំ មួយចំនួនបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ប៉ុន្តែរហូតមកដល់ពេលនេះមេគយក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក អ៊ួន សុវណ្ណារ៉ា នៅឡើយទេ។ ប្រការនេះហើយដែលធ្វើឲ្យលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងពេលនៅធ្វើជាប្រធានការិយាល័យគយខណ្ឌចំការមន រាជធានីភ្នំពេញ ទៅទៀត។
តាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថាលោក អ៊ួន សុវណ្ណារ៉ា ត្រូវបានតែងតាំងជាប្រធានការិយាល័យគយប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កាលពីពេលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។ ចាប់តាំងពីពេលនោះមកលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ស្រេចតែអំពើចិត្ត ហើយថែមទាំងឃុបឃិតឲ្យឈ្មួញមួយចំនួនបង់ពន្ធតាមរបៀបម៉ៅការគៃបំបាត់ចំណូលពន្ធរដ្ឋស្រេចតែអំពើចិត្ត។ ទន្ទឹមនឹងនេះលោក អ៊ួន សុវណ្ណារ៉ា និងបក្ខពួកមួយចំនួនបានឃុបឃិតឲ្យឈ្មួញបង់លុយលើតុ ក្រោមតុ ស្រេចតែអំពើចិត្តហេតុនេះហើយទើបរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយច្រកត្រពាំងផ្លុង ត្រូវបានបើកកកាយជាបន្តបន្ទាប់។(មានត)