មជ្ឈដ្ឋាននានាបានរិះគន់ថា លោក ហម ហ៊ុន មេរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានចាត់ទុកបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ជាប្រភពចំណូលធំរបស់ខ្លួន ទើបមិនចាត់វិធានការបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាព។ សូម្បីតែលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏ធ្វើជាមិនដឹងមិនឮចំពោះបទល្មើសនេសាទដែលកើតឡើងយ៉ាងគំហុកក្នុងបឹងទន្លេសាប នៃខេត្តកំពង់ធំ នោះឡើយ។ ប្រការនេះហើយដែលធ្វើឲ្យប្រជានេសាទនៅតំបន់បឹងទន្លេសាប ក្នុងខេត្តកំពង់ធំ លើកឡើងថាបទល្មើសប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ន គឺមានការឃុបឃិតជាប្រព័ន្ធហើយលោក ហម ហ៊ុន និងលោក ប៉ែន វណ្ណរិទ្ធ ជាអ្នកទទួលខុសត្រូវធំជាងគេក្នុងការបណ្ដោយឲ្យបទល្មើសនេសាទកើតឡើងឥតឈប់ឈរ។
ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា រយៈពេលជាងមួយខែកន្លងទៅនេះ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងមានការកើនឡើងយ៉ាងគំហុក ព្រោះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។ ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងតំបន់ផាត់ សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ គឺជាអ្នកឃុបឃិតឲ្យក្រុមជនល្មើសមួយចំនួនប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំ ចាប់ត្រីយ៉ាងមហន្តរាយដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ចំណែកលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ សម្ងំស្ងាត់ឈឹងទុកឲ្យបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប នៃស្រុកកំពង់ស្វាយ រាលដាលកាន់តែខ្លាំងក្លា។
ចំណែកប្រភពព័ត៌មានពីប្រជានេសាទជាលក្ខណៈគ្រួសារក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចក្នុងមូលដ្ឋាន។ ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ហម ហ៊ុន មេរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់បឹងទន្លេសាប នៃស្រុកស្ទោង មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។ ដោយសារតែមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធឃុបឃិតដើម្បីផលប្រយោជន៍ទើបក្រុមជនល្មើសមួយចំនួន អាចប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំនេសាទត្រីតាមអំពើចិត្ត ដោយមិនខ្វល់ពីមហន្តរាយនៃធនធានត្រីក្នុងបឹងទន្លេសាបនោះទេ។មានត