មន្ត្រីនៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានលើកឡើងថាប្រសិនបើលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូល មានឆន្ទៈពិតប្រាកដក្នុងការ ទប់ស្កាត់កុំឲ្យឈ្មួញនាំចូល ទំនិញប្រភេទចំណីអាហារខូច គុណភាពនិងមានលាយសារធាតុគីមីនោះ គឺគ្មានឈ្មួញណាហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ។ ប្រភពបានឲ្យដឹងទៀតថាលោក សាន វិជ្ជាសារ៉ាវុធ គឺជាអ្នកឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីតាមច្រកទ្វារអន្តរជាតិក្នុងមួយថ្ងៃៗរាប់សិបតោន ហើយបែរជាដើរត្រួតពិនិត្យគុណភាពទំនិញប្រភេទចំណីអាហារនៅលើទីផ្សារទៅវិញ។ ដូច្នេះលោក ប៉ាន សូរស័ក្ដិ ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មិនគួរមើលរំលងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នោះឡើយហើយត្រូវចាត់វិធានការលើមន្ត្រីពុករលួយប្រកបដោយប្រសិទ្ធភាព។
រឿងអាស្រូវច្រើនបែបច្រើនយ៉ាងរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវបានបើកកកាយជាបន្តបន្ទាប់ ជាពិសេសទាក់ទងទៅនឹងករណីឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីតាមច្រកទ្វារអន្តរជាតិរាប់សិបតោនក្នុងមួយថ្ងៃៗ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានត្រឹមតែព្រមានទៅលើលោក សាន វិជ្ជាសារ៉ាវុធ តាមរបៀបលេងសើចប៉ុណ្ណោះហើយបណ្ដោយឲ្យលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តដដែល។ ដូច្នេះលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មិនគួរមើលរំលងបញ្ហានេះទេព្រោះបច្ចុប្បន្នលោក ម៉ក់ ពេជ្ជរិទ្ធ ដែលជាអគ្គនាយកកាំកុងត្រូល នៅតែបណ្ដោយឲ្យលោក សាន វិជ្ជាសារ៉ាវុធ ធ្វើអ្វីៗតាមអំពើចិត្តដដែល។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ឈ្មួញធំៗជាច្រើននាក់នៅតែអាចនាំចូលទំនិញដូចជា ស្លាបមាន់ ជើងមាន់ ជង្គង់មាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ គ្រឿងក្នុងមាន់ និងប្រហិត ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាប់សិបតោនក្នុងមួយថ្ងៃៗ។ ផ្ទុយទៅវិញមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្ក្រាបតែពលរដ្ឋឬអាជីវករតូចតាចដែលនាំចូលទំនិញដូចខាងលើបន្តិចបន្តួចដើម្បីយកស្នាដៃបង្ហាញថ្នាក់លើដោយគ្មានសេចក្ដីអៀនខ្មាស។ លើសនេះទៅទៀតលោក សាន វិជ្ជាសារ៉ាវុធ តែងដឹកនាំកម្លាំងចុះត្រួតពិនិត្យគុណភាពទំនិញប្រភេទចំណីអាហារតាមទីផ្សារ ហើយរឹបអូសទំនិញខូចគុណភាពនិងមានលាយសារធាតុគីមីយកទៅកម្ទេចចោលដើម្បីបិទបាំងទង្វើរបស់ខ្លួនក្នុងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញទាំងនោះយ៉ាងរលូន។បឋម