ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹក ជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិ លេខ២ បានអំពាវនាវឲ្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិ ងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរ ថយន្តទូទាំងប្រទេស ពិនត្យមើល ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក ម៉ម ពិសិទ្ធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ជាបន្ទាន់។ ក្រុមឈ្មូញនិងអាជីវករបានលើកឡើងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ មិនអនុវត្តន៍ឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីទប់ស្កាត់រថយន្តដឹកទំនិញលើសទម្ងន់ធ្វើឲ្យខូចផ្លូវនិងខូចស្ពាននោះទេ។ ផ្ទុយទៅវិញលោក ម៉ម ពិសិទ្ធ បានប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយដោយសារអាងមានលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ជាខ្នងបង្អែកយ៉ាងរឹងមាំ។
ទង្វើមិនប្រក្រតីរបស់លោក ម៉ម ពិសិទ្ធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ភូមិត្រពាំងក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញបើកកកាយជាបន្តបន្ទាប់។ ដោយហេតុថា ទោះបីពួកគាត់ផ្ទុកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ម៉ម ពិសិទ្ធ និងបក្ខពួកទើបអាចបើកបររថយន្តឆ្លងកាត់ស្ថានីយ៍ជញ្ជីងថឹ្លងរថយន្តលើផ្លូវជាតិលេខ២ យ៉ាងរលូនគ្មានឧបសគ្គ។ ម្ចាស់រថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តរបស់លោក ម៉ម ពិសិទ្ធ យ៉ាងស្រួលៗដោយមិនបាច់ចូលថ្លឹងឡើយ គឺគ្រាន់តែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមួយនេះជាការស្រេច។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល មួយចំនួនបានឲ្យដឹងថា ការដែលលោក ម៉ម ពិសិទ្ធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះហើយទើបលោក ម៉ម ពិសិទ្ធ ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ភូមិត្រពាំងក្រសាំង ឃុំជើងកើប ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល អាចប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន បានចាត់ទុកស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួនហើយបណ្ដោយឲ្យមន្ត្រក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្ត។បឋម