ប្រភពដែលស្និទ្ធនឹងលោក ម៉ម ពិសិទ្ធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តផ្លូវជាតិលេខ២ ចំណុចភូមិត្រពាំង ក្រសាំង ឃុំ ជើងកើប ស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា បច្ចុប្បន្នលោក ម៉ម ពិសិទ្ធ អាងមានខ្នងបង្អែក រឹងមាំទើប គិតតែពីរឿងប្រមូលលុយយ៉ាងសុខស្រួលរហូតប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ។ ប្រភពបានឲ្យដឹងទៀតថាលោក ម៉ម ពិសិទ្ធ មិនខ្វល់ពីរឿងរថយន្តធំៗផ្ទុកទំនិញលើសទម្ងន់ធ្វើឲ្យខូចផ្លូវជាតិលេខ២ និងស្ពាននៅលើផ្លូវនេះទេ គឺគិតតែពីរឿងប្រមូលលុយទាំងយប់ទាំងថ្ងៃ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរមើលរំលងទង្វើមិនប្រក្រតីរបស់លោក ម៉ម ពិសិទ្ធ នោះទេព្រោះលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ក៏ដូចជាលោក ជួរ ឈុនឡេង អនុប្រធានមន្ទីរសាធារណការខេត្តកណ្ដាល គឺជាអ្នកឃុបឃិតលោក ម៉ម ពិសិទ្ធ ធ្វើអ្វីៗតាមអំពើចិត្ត។
កន្លងទៅនេះទង្វើមិនប្រក្រតីនិងរឿងអាស្រូវពុករលួយរបស់លោក ម៉ម ពិសិទ្ធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ចំណុចភូមិត្រពាំងក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២ លាតត្រដាងជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសនៃក្រសួងសាធារណការ បែរជាសម្ងំស្ងាត់ឈឹងទៅវិញ។ ដូច្នេះហើយទើបលោក ម៉ម ពិសិទ្ធ នៅតែបន្តប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួលគ្មានញញើតអ្វីឡើយ ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយសម្របសម្រួលគ្រប់ពេលវេលា។
បើតាមការបង្ហើបពីសំណាក់មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ការដែលលោក ម៉ម ពិសិទ្ធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ផងដែរ។ ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២ បានឲ្យដឹងថា ពួកគេមិនចាំបាច់ចូលថ្លឹងនោះទេ គឺគ្រាន់តែបង់លុយឲ្យលោក ម៉ម ពិសិទ្ធ និងក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ គឺអាចបន្តដំណើទៅមុខយ៉ាងរលូន។ មានការរិះគន់ចំៗថាលោក ម៉ម ពិសិទ្ធ និងបក្ខពួកមិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ ហើយឲ្យតែព្រូរថយន្តឬអ្នកបើកបររថយន្តឈប់លើចិញ្ចើមផ្លូវយកលុយទៅបង់តាមការកំណត់ គឺគ្មានអ្វីជាឧបសគ្គទៀតឡើយ។(បឋម)