រឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ បើកកកាយជាបន្តបន្ទាប់។ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ត្រូវបានលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹងយ៉ាងច្បាស់ហើយថែមទាំងកោះហៅលោក ឈួន សោភា ឲ្យឡើងមកបំភ្លឺទៀតផងកាលពីពេលថ្មីកន្លងទៅនេះ។ ក៏ប៉ុន្តែបច្ចុប្បន្នលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលមានស្នាក់ការនៅចំណុចជិតស្ពានទឹកថ្លាផ្លូវជាតិលេខ៥ កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។
តាមប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យលោក ឈួន សោភា មេគយចល័តផ្លូវជាតិលេខ៥ មានស្នាក់ការក្បែរស្ពានទឹកថ្លានោះទេ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើឈ្មួញឬអាជីវករណាមានបង្កប់ទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់តែងត្រូវបានលោក ឈួន សោភា និងបក្ខពួកគាបយកលុយស្រេចតែអំពើចិត្ត ហើយយកឈ្មោះលោក គុណ ញឹម ដែលជាមេគយធំមកប្រើដើម្បីបិទបាំងទង្វើរបស់ខ្លួនយ៉ាងគឃ្លើន។ មន្ត្រីគយក្នុងខេត្តបន្ទយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក ឈួន សោភា មេគយចល័តតំបន់៥ មានស្នាក់ការនៅជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដែលមានផ្ទុកឥវ៉ាន់ខ្លះៗនោះ ក្នុងមួយខែៗត្រូវបានលោក ឈួន សោភា កំណត់ឲ្យបង់លុយពី៦លានរៀលទៅ៧លានរៀលសម្រាប់រថយន្តមួយគ្រឿង។ ជាងនេះទៅទៀតក្រុមឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ពីច្រកប៉ោយប៉ែត ក៏ដូចជាពីច្រកព្រំដែនក្នុងស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងស្រុកថ្មពួក ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ ត្រូវតែបង់លុយតាមការកំណត់របស់លោក ឈួន សោភា និងបក្ខពួកមិនអាចតវ៉ាបានឡើយ។ មន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាលោក ឈួន សោភា អាចប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនក្នុងមួយខែៗយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយប្រើប្រាស់ឈ្មោះមេគយធំៗលោក គុណ ញឹម ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងទទឹងទិស។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះមួយរយៈចុងក្រោយនេះលោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនបំផុត។បឋម