ប្រភពដែលស្និទ្ធនឹងលោក ខាត់ សារ៉ាត់ បានឲ្យដឹងថា ការដែលលោក ខាត់ សារ៉ាត់ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាបង្អែកយ៉ាងរឹងមាំ។ ជាការពិតបើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត ត្រូវបានបើកកាយជាបន្តបន្ទាប់យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីឡើយ។ ដូច្នេះហើយទើបលោក ខាត់ សារ៉ាត់ កាន់តែមានសិទ្ធិអំណាចយ៉ាងធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយ យ៉ាងគឃ្លើន ហើយប្រើអំណាចគាបសង្កត់ទៅលើក្រុមហ៊ុន ក្រុមឈ្មួញ និងក្រុមអាជីវករ នាំចូលទំនិញតាមច្រកទ្វារអន្តរជាតិបាវិត ស្រេចតែអំពើចិត្តរបស់ខ្លួន។ បញ្ហានេះគឺជារឿងដែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅផងដែរ ព្រោះបច្ចុប្បន្នលោក ខាត់ សារ៉ាត់ និងបក្ខពួកបង្កើនសកម្មភាពពុករលួយខ្លាំងក្លាជាងមុនទៅទៀត។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិត បានបង្ហើបឲ្យដឹងថា លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅតែបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាលើសមុនទៅទៀត។ ប្រភពបានឲ្យដឹងទៀតថា ក្រុមហ៊ុននាំចូលទំនិញតាមច្រកទ្វារអន្តរជាតិបាវិត ព្រមទាំងក្រុមឈ្មួញនិងក្រុមអាជីវករនាំចូលទំនិញពីស្រុកយួនតាមច្រកនេះរងការគាបសង្កត់ពីលោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត កាន់តែខ្លាំងជាងមុន។ ក្រុមអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញតាមច្រកទ្វារអន្តរជាតិបាវិត បានបង្ហើបឲ្យដឹងថា ទោះបីក្រុមហ៊ុននាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ខាត់ សារ៉ាត់ និងបក្ខពួកនោះឡើយ។
តាមការបង្ហើបពីអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញតាមច្រកទ្វារអន្តរជាតិបាវិត បានលើកឡើងទៀតថា មួយរយៈចុងក្រោយនេះលោក ខាត់ សារ៉ាត់ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្រសួងមហាផ្ទៃ និងនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដូច្នេះហើយទើបលោក ខាត់ សារ៉ាត់ គាបយកលុយលើតុក្រោមតុពីក្រុមហ៊ុននាំចូលទំនិញតាមច្រកបាវិត ស្រេចតែអំពើចិត្តរបស់ខ្លួន ជាពិសេសរាប់ក្បាលរថយន្តដឹកទំនិញយកលុយយ៉ាងស្រួលៗតាមរបៀបពុករលួយ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា នៅច្រករបៀងសងខាងច្រកទ្វារអន្តរជាតិបាវិត បានក្លាយទៅជាកន្លែងរកប្រភពចំណូលដ៏សំខាន់របស់លោក ខាត់ សារ៉ាត់ និងបក្ខពួក ព្រោះគ្មាននរណាហ៊ានតវ៉ាជាមួយលោក ខាត់ សារ៉ាត់ នោះទេ។ ជាងនេះទៅទៀតលោក ខាត់ សារ៉ាត់ តែងយកឈ្មោះមន្ត្រីធំៗនៅក្រសួងមហាផ្ទៃ និងនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីការពារទង្វើរបស់ខ្លួន ។(មានត)