ប្រភពដែលស្និទ្ធនឹងលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានឲ្យដឹងថា ការដែលលោក កើត ដារ៉ាស៊ី ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងនៅក្នុងក្រសួងមហាផ្ទៃ។ ជាក់ស្ដែងរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក កើត ដារ៉ាស៊ី ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ប៉ុន្តែលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយលោក កើត ដារ៉ាស៊ី កាន់តែបានចិត្តក្នុងការប្រើតួនាទីនិងអំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់ ទោះបីត្រូវប្រឈមនឹងការរិះគន់យ៉ាងណាក្ដី។
ប្រភពពីក្រុមឈ្មួញនិងតំណាងក្រុមហ៊ុននាំចូលទំនិញតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នលោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ កំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថាលោក កើត ដារ៉ាស៊ី បានឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្នុងការឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។ ចំណែកឈ្មួញដែលនាំចូលទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវ ក៏ត្រូវលោក កើត ដារ៉ាស៊ី គាបយកលុយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងមហាផ្ទៃ។
តំណាងក្រុមហ៊ុននាំចូលទំនិញពីស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានឲ្យដឹងថា ទោះបីពួកគេនាំចូលទំនិញបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ក្នុងមួយរថយន្តកុងតឺន័រឬរថយន្តយីឌុបត្រូវបង់លុយឲ្យលោក កើត ដារ៉ាស៊ី ពី១៥០ទៅ២៥០ដុល្លារឬឈានដល់៣០០ដុល្លារទៀតផង។ ប្រភពបានឲ្យដឹងទៀតថាលោក កើត ដារ៉ាស៊ី មានសិទ្ធិអំណាចយ៉ាងធំធេងក្នុងការគាបយកលុយលើតុ ក្រោមតុ ពីឈ្មួញនិងពីក្រុមអាជីវករនាំចូលទំនិញតាមច្រកត្រពាំងស្រែ ធ្វើឲ្យឈ្មួញនិងក្រុមអាជីវករត្រូវប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើងៗ។ ក្នុងមួយថ្ងៃៗមានអាជីវករនិងឈ្មួញនាំចូលទំនិញតាមរថយន្តធំៗនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ពី៥០គ្រឿងទៅ៦០គ្រឿងឬ១០០គ្រឿង ដូច្នេះលោក កើត ដារ៉ាស៊ី ប្រមូលលុយក្បាលរថយន្តបានយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងសុខស្រួល។
មន្ត្រីនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានបង្ហើបឲ្យដឹងថា តាមរថយៈការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ គឺលោក កើត ដារ៉ាស៊ី និងបក្ខពួកប្រមូលលុយតាមរបៀបពុករលួយយ៉ាងរលូន។ លើសនេះទៅទៀតក្រុមឈ្មួញដឹកជញ្ជូនឈើចូលស្រុកយួនតាមច្រកត្រពាំងស្រែ យ៉ាងរាលដាលក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក កើត ដារ៉ាស៊ី និងបក្ខពួកផងដែរ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយឲ្យលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។បឋម