ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុរាជធានីភ្នំពេញ បានលើកឡើងថា អំពើពុករលួយរបស់លោក វ៉ា សុធា និងបក្ខពួកនៅពេលនេះ គឺការទារភាគរយពីគម្រោង ចំណាយសម្រាប់មន្ទីរនានាចំណុះ សាលារាជធានីភ្នំពេ ញ ក៏ដូចជា គម្រោងចំណាយសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជារដ្ឋបាលខណ្ឌ និងក្រុមហ៊ុនជាដើម។ តាមរយៈការកាត់ភាគរយពីគម្រោងចំណាយសម្រាប់មន្ទីរនានាចំណុះសាលារាជធានីភ្នំពេញ គឺលោក វ៉ា សុធា អាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងស្រួល ហើយកាន់តែបង្ហាញអំពីអំណាចធំធេងរបស់ខ្លួន។ ដូច្នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយឲ្យលោក វ៉ា សុធា ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តរបស់ខ្លួនតទៅទៀតទេ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ផងដែរព្រោះជាង២០ឆ្នាំកន្លងទៅនេះលោក វ៉ា សុធា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីឡើយ។
មន្ត្រីនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយតាមច្រើនរូបភាពរបស់លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ជាបន្ទាន់។ ដោយហេតុថារយៈពេលច្រើនឆ្នាំកន្លងទៅនេះលោក វ៉ា សុធា ដែលអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងហិរញ្ញវត្ថុ ធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ហើយបានធ្វើឲ្យមន្ទីរពាក់ព័ន្ធនានាក្នុងរាជធានីភ្នំពេញ ប្រឈមនឹងការលំបាកផងដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយឲ្យលោក វ៉ា សុធា ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតទេ បើទោះបីលោក វ៉ា សុធា មានខ្នងបង្អែករឹងមាំយ៉ាងណាក៏ដោយ។
បើតាមប្រភពដែលស្និទ្ធនឹងលោក វ៉ា សុធា បានបញ្ជាក់ថា កាលពីជំនាន់លោក កែប ជុតិមា នៅធ្វើជាអភិបាលរាជធានីភ្នំពេញ គឺលោក វ៉ា សុធា បានយកលោក កែប ជុតិមា ធ្វើជាបង្អែករឹងមាំដើម្បីប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីឡើយ។ លុះដល់ពេលលោក ប៉ា សុជាតិវង្ស បានធ្វើជាអភិបាលរាជធានីភ្នំពេញ គឺលោក វ៉ា សុធា ក៏យកលោក ប៉ា សុជាតិវង្ស ធ្វើជាបង្អែករឹងមាំក្នុងការប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិការដ្ឋធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួលដដែល។ ឥឡូវនេះក្នុងរជ្ជកាលលោក ឃួង ស្រេង កាន់តំណែងជាអភិបាលរាជធានីភ្នំពេញ គឺលោក វ៉ា សុធា នៅតែប្រើប្រាស់អំណាចជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុនទៅទៀត។ ប្រភពបានឲ្យដឹងទៀតថា ដោយសារអាងខ្លួនមានតួនាទីជាទីប្រឹក្សាមេដឹកនាំកំពូលម្នាក់ក្នុងជួរគណបក្សប្រជាជនកម្ពុជា ទើបលោក វ៉ា សុធា មានអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយជិះសេះលែងដៃមិនញញើតនិងអង្គភាពប្រឆាំងអំពើពុករលួយ ។(បឋម)