ត្បូងឃ្មុំ៖ មន្រ្តីគយត្បូងឃ្មុំ បានឲ្យដឹងថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ត្រូវបានតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ដោយសារលោក អ៊ួន សុវណ្ណារ៉ា ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។ ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កាន់តែច្រើនឡើងៗហើយលោក អួន សុវណ្ណារ៉ា តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងទង្វើរបស់ខ្លួនផងដែរ។
តាមមន្ត្រីគយដែលស្និទ្ធនឹងលោក បានឲ្យដឹងដែរថា លោក អ៊ួន សុវណ្ណារ៉ា ល្បីល្បាញខាងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។ ក្រោយពេលតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ គឺលោក អ៊ួន សុវណ្ណារ៉ា ហ៊ានប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីឡើយ។
មន្ត្រីគយបន្តថា អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយច្រកត្រពាំងផ្លុង កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីក្រោមឱវាទរបស់លោក អ៊ួន សុវណ្ណារ៉ា អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក អ៊ួន សុវណ្ណារ៉ា ជាបន្ទាន់ព្រោះអីលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានគេដឹងថាជាអ្នកឃុបឃិតបើកដៃឲ្យលោក អ៊ួន សុវណ្ណារ៉ា ធ្វើអ្វីៗតាមអំពើចិត្ត។
ក្រុមមន្រ្តីគយច្រក សូមណូមពរដល់ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយច្រកត្រពាំងផ្លុង ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។បឋម