លោក អូន​ ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រី​ក្រសួងសេដ្ឋ​កិច្ចនិងហិរញ្ញវត្ថុ​មិនគួរប​ណ្តែតបណ្តោ​យឲមេ​គយខេត្តក្រចេះ​លោក​ ចាន់​ សំបូរ ប្រព្រឹត្តអំ​ពើពុករលួយ​ប្រមូលលុយ​ស្រង់ដើម​តាម​អំពើចិ​ត្ត

By | October 3, 2018

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ ខេត្តស្ទឹងត្រែង បាន​លើកឡើងថា  ការដែល​លោក ចាន់ សំបូរ  ចាត់តាំង​ឲ្យ​មន្ត្រី​គយ ​ចល័ត​ធ្វើ​សកម្មភាព​ គាប​យកលុយ​ពី​ក្រុម​ឈ្មួញ ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត ក្រចេះ គឺជា​វិធី​ប្រមូល​លុយ​ យកទៅ​ធ្វើ​មាន​ធ្វើបាន​ ផ្ទាល់ខ្លួន​តាមរបៀប​ពុករលួយ​។  ដូច្នេះហើយ​ទើប​មាន​សេចក្ដី អំពាវនាវ​ឲ្យ​លោក អូន  ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រ សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ពិនិត្យឡើងវិញ​ចំពោះ​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក ចាន់ សំបូរ ប្រធាន​សាខាគយ​ខេត្តក្រចេះ ក្នុងការ​ដាក់ពង្រាយ​ក​ម្លាំ​ង​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​៧​អា ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​តាម​ដងផ្លូវ​នោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​នៃ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​ចល័ត​ខេត្តក្រចេះ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ចាន់ សំបូរ មេ​គយ​ខេត្តក្រចេះ ជាបន្ទាន់

ថ្មីៗ​កន្លងទៅនេះ​លោក ចាន់ សំបូរ ប្រធាន​សាខាគយ​ខេត្តក្រចេះ កំពុង​ប្រឈម​នឹង​ការ​រិះគន់ថា​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​តាមរយៈ​ការដាក់​ពង្រាយ​មន្ត្រី​គយ​ចល័ត​ឲ្យ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តក្រចេះ តាម​អំពើ​ចិត្ត​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ចាន់ សំបូរ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​លោក ចាន់ សំបូរ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តក្រចេះ ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​តាមច្រើន​រូបភាព​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ សំបូរ មេ​គយ​ខេត្តក្រចេះ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​តាម​អំពើ​ចិត្ត​ទៀត​។

​ប្រភពពី​មន្ត្រី​គយ​និង​សមត្ថកិច្ច​គយ​ក្នុង​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ចាន់ សំបូរ ប្រធាន​សាខាគយ​ខេត្តក្រចេះ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ជាក់ស្ដែង​ថ្មីៗ​នេះ​លោក ចាន់ សំបូរ បាន​ពង្រាយ​កម្លាំង​មន្ត្រី​គយ​ចល័ត​នៅលើ​ផ្លូវជាតិ​លេខ​៧​អា ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ ក្រុមអាជីវករ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​នេះ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​យក​លេស​ថា​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​គ្រប់​ផែនការ​។ តាមពិត​គឺ​លោក ចាន់ សំបូរ ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម ហើយ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនង​លោក ចាន់ សំបូរ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តក្រចេះ ទើប​កំពុង​ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។

មន្ត្រី​គយ​ខេត្តក្រចេះ ដែល​ស្និទ្ធ​នឹង​លោក ចាន់ សំបូរ បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧​អា ចូលមក​ក្រុង​ក្រចេះ ក៏ដូចជា​មាន​រថយន្ត​ឈ្មួញ​ដឹកជញ្ជូន​ផល​កសិកម្ម​ចេញទៅ​ស្រុក​យួន ជាច្រើន​គ្រឿង​ហើយ​ក្លាយទៅជា​ប្រភព​ចំណូល​របស់លោក ចាន់ សំបូរ យ៉ាង​សុខ​ស្រួល​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​មាន​រថយន្ត​របស់​មន្ត្រី​គយ​ខេត្តក្រចេះ ២​គ្រឿង​ត្រូវបាន​គេ​យកទៅដាក់​នៅ​ចំណុច​កែង​ខ្លា​ស្ទុះ និង​កែង​ផ្លូវ​ក្នុងស្រុក​ស្នួល ដើម្បី​កាក់​រថយន្ត​ដឹកទំនិញ​ចេញពី​ខេត្តក្រចេះ ទៅ​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​។ រថយន្ត​របស់​មន្ត្រី​គយ​ទាំង​២​គ្រឿង​នោះ​កាក់​គ្រប់​រថយន្ត​ដឹកទំនិញ​ដែល​បើកបរ​ឆ្លងកាត់​ក្រុង​ក្រចេះ ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី ហើយ​គាប​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​តាម​អំពើ​ចិត្ត​។(បឋម)

Leave a Reply

Your email address will not be published. Required fields are marked *