សមត្ថកិច្ចពាក់ព័ន្ធនៅក្នុង ខេត្តស្ទឹងត្រែង បានលើកឡើងថា ការដែលលោក ចាន់ សំបូរ ចាត់តាំងឲ្យមន្ត្រីគយ ចល័តធ្វើសកម្មភាព គាបយកលុយពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្ត ក្រចេះ គឺជាវិធីប្រមូលលុយ យកទៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួនតាមរបៀបពុករលួយ។ ដូច្នេះហើយទើបមានសេចក្ដី អំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រ សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិនិត្យឡើងវិញចំពោះសកម្មភាពមិនប្រក្រតីរបស់លោក ចាន់ សំបូរ ប្រធានសាខាគយខេត្តក្រចេះ ក្នុងការដាក់ពង្រាយកម្លាំងគយចល័តលើផ្លូវជាតិលេខ៧អា ដើម្បីគាបយកលុយពីឈ្មួញតាមរបៀបពុករលួយយ៉ាងគឃ្លើន។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវនោះ គួរចាត់វិធានការទប់ស្កាត់សកម្មភាពនៃអំពើពុករលួយរបស់មន្ត្រីគយចល័តខេត្តក្រចេះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ចាន់ សំបូរ មេគយខេត្តក្រចេះ ជាបន្ទាន់។
ថ្មីៗកន្លងទៅនេះលោក ចាន់ សំបូរ ប្រធានសាខាគយខេត្តក្រចេះ កំពុងប្រឈមនឹងការរិះគន់ថាប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមដោយគ្មានញញើតអ្វីទាំងអស់តាមរយៈការដាក់ពង្រាយមន្ត្រីគយចល័តឲ្យគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តក្រចេះ តាមអំពើចិត្ត។ ប្រភពដែលស្និទ្ធនឹងលោក ចាន់ សំបូរ បានបង្ហើបឲ្យដឹងថា ដោយសារលោក ចាន់ សំបូរ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តក្រចេះ ទើបខំប្រឹងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមតាមច្រើនរូបភាព។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ចាន់ សំបូរ មេគយខេត្តក្រចេះ និងបក្ខពួកជាបន្ទាន់ដើម្បីកុំឲ្យពួកគេប្រព្រឹត្តអំពើពុករលួយគាបយកលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញតាមអំពើចិត្តទៀត។
ប្រភពពីមន្ត្រីគយនិងសមត្ថកិច្ចគយក្នុងខេត្តក្រចេះ មួយចំនួនបានបង្ហើបឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះលោក ចាន់ សំបូរ ប្រធានសាខាគយខេត្តក្រចេះ កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះលោក ចាន់ សំបូរ បានពង្រាយកម្លាំងមន្ត្រីគយចល័តនៅលើផ្លូវជាតិលេខ៧អា ដើម្បីគាបយកលុយពីក្រុមឈ្មួញ ក្រុមអាជីវករ ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះស្រេចតែអំពើចិត្តដោយយកលេសថាប្រមូលពន្ធជូនរដ្ឋឲ្យបានគ្រប់ផែនការ។ តាមពិតគឺលោក ចាន់ សំបូរ ប្រើគ្រប់វិធីដើម្បីប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម ហើយប្រភពខ្លះបានឲ្យដឹងថា ទំនងលោក ចាន់ សំបូរ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយខេត្តក្រចេះ ទើបកំពុងខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់។
មន្ត្រីគយខេត្តក្រចេះ ដែលស្និទ្ធនឹងលោក ចាន់ សំបូរ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តធំៗដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧អា ចូលមកក្រុងក្រចេះ ក៏ដូចជាមានរថយន្តឈ្មួញដឹកជញ្ជូនផលកសិកម្មចេញទៅស្រុកយួន ជាច្រើនគ្រឿងហើយក្លាយទៅជាប្រភពចំណូលរបស់លោក ចាន់ សំបូរ យ៉ាងសុខស្រួលតែម្តង។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះមានរថយន្តរបស់មន្ត្រីគយខេត្តក្រចេះ ២គ្រឿងត្រូវបានគេយកទៅដាក់នៅចំណុចកែងខ្លាស្ទុះ និងកែងផ្លូវក្នុងស្រុកស្នួល ដើម្បីកាក់រថយន្តដឹកទំនិញចេញពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ រថយន្តរបស់មន្ត្រីគយទាំង២គ្រឿងនោះកាក់គ្រប់រថយន្តដឹកទំនិញដែលបើកបរឆ្លងកាត់ក្រុងក្រចេះ ឆ្ពោះទៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ហើយគាបយកលុយពីម្ចាស់រថយន្តដឹកទំនិញតាមអំពើចិត្ត។(បឋម)