សេចក្ដីរាយការណ៍ពីឈ្មួញនិង ក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ ផ្លូវជាតិលេខ៤ ចូលមករាជធានី ភ្នំពេញ បានលើក ឡើងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តនៅលើផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានគាប យកលុយពីពួកគេតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៤ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ ហើយពួកគេបើកឲ្យរថយន្តធំៗផ្ទុកទំនិញលើសទម្ងន់ឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចូលមករាជធានីភ្នំពេញ យ៉ាងរលូន។ ការដែលមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល និងលោក ជួរ ឈុនឡេង អនុប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។
ជុំវិញបញ្ហាខាងលើនេះមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការខេត្តកណ្ដាល បានអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពិនិត្យឡើងវិញចំពោះអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ម៉ឹង យូឡេង និងលោក ជួរ ឈុនឡេង ជាបន្ទាន់។ ទន្ទឹមនឹងនេះក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញ ដឹកជញ្ជូនខ្សាច់ ដឹកជញ្ជូនថ្ម ដឹកជញ្ជូនដី ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ក៏បានអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល ទប់ស្កាត់អំពើពុករលួយរបស់មន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង៣ទីតាំងនោះជាបន្ទាន់។ ដោយហេតុថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត៣ទីតាំងនោះមិនបានអនុវត្តន៍ឲ្យត្រឹមត្រូវតាមតួនាទីរបស់ពួកគេឡើយ ហើយពួកគេប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយចែកគ្នាធ្វើមានធ្វើបាន។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ឃុបឃិតបើកដៃឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយដោយគ្មានញញើតអ្វីទាំងអស់។ ការដែលមន្ត្រីទាំងនោះហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ពួកគេក្នុងការប្រមូលលុយតាមរបៀបពុករលួយ គឺដោយសារអាងមានលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល និងលោក ជួរ ឈុនឡេង អនុប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ជាបង្អែកដ៏រឹងមាំ។
បើតាមការអះអាងរបស់មន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តកណ្ដាល បានឲ្យដឹងទៀតថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៣ ក្នុងភូមិកំពង់ទួល ឃុំដើមប្ញស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួលផងដែរ។ ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ទោះបីពួកគេដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិកំពង់ទួល ដោយមិនអាចតវ៉ាបានឡើយ។ ប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនថ្ម ដឹកជញ្ជូនខ្សាច់ និងដឹកជញ្ជូនដីឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៣ ភូមិកំពង់ទួល បានត្អួញត្អែរថាក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះគាបយកលុយពីពួកគេស្រេចតែអំពើចិត្ត ហើយគ្មាននរណាហ៊ានតវ៉ាឡើយ។(បឋម)