លោក សូ ចាន់ណារី ជាឈ្មួញនាំរថយន្តចង្កូតស្ដាំចូលស្រុកខ្មែរជាច្រើនឆ្នាំមក តែលោក ស្នងការ អាត់ ខែម ស្ងាត់ជៀប

By | February 22, 2018

បន្ទាយមានជ័យ៖ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩  ខែកុម្ភៈ ឆ្នាំ​២០១៨ មន្ត្រី​គយ​ក្រុង​ ប៉ោយប៉ែត  បាន​ចាប់​រថយន្ត​ គេចពន្ធ​១​គ្រឿង​ម៉ាក​តូ​យូ​តា​ ហ៊ី​លុ​ច្ស​រី​វ៉ូ ស៊េរី​ឆ្នាំ​២០១៧ ១​គ្រឿង​យក ទៅ​ទុក​នៅ​ស្នាក់ការ​គយ​ក្រុង ​ប៉ោយប៉ែត​ ។ ក៏ប៉ុន្តែ​សមត្ថកិច្ច ​គយ​ចាប់​រថយន្ត​គេចពន្ធ​នោះ បាន​តែមួយ​ស្របក់​ក៏​ដោះលែង​វិញ  ក្រោយពេល​ដឹងថា​រថយន្ត​គេចពន្ធ​ នោះ​ជា​របស់លោក​វរសេនីយ៍ឯក  សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក សូ ចាន់ណា​រី បាន​ទិញ​រថយន្ត​ពី​ស្រុក​សៀម​១​គ្រឿង​ម៉ាក​ហ្វ័​រ​ធូ​ន ពាក់​ស្លាក​លេខ​សៀម ដើម្បី​ជា​របាំង​សម្រាប់​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​និង​រថយន្ត​គេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ តាមរយៈ​ទង្វើ​បែបនេះ​លោក សូ ចាន់ណា​រី អាច​រកប្រាក់​ចំណេញ​ពី​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ និង​រថយន្ត​គេចពន្ធ​១​គ្រឿង​ប្រមាណ​៣​ពាន់​ដុល្លារ​អាមេរិក​។

បើតាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​តូចតាច​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៩១១ បាន​ឲ្យ​ដឹងថា លោក សូ ចាន់ណា​រី តែងតែ​ដោះដូរ​ស្លាក​លេខ​សៀម​ពី​រថយន្ត​ស្របច្បាប់​របស់គាត់​ទៅ​បំពាក់​លើ​រថយន្ត​គេចពន្ធ ហើយ​បើក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ដែល​គ្របគ្រង​ដោយ​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១​។ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា កន្លងមក​លោក សូ ចាន់ណា​រី មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ឥឡូវនេះ​លោក សូ ចាន់ណា​រី កំពុង​ល្បីល្បាញ​ខាង​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​តាម​ច្រករបៀង​ដែល​ខ្លួន​គ្រប់គ្រង ហើយ​ការដែល​លោក សូ ចាន់ណា​រី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេ គឺ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​ពី​ថ្នាក់លើ​ជាមិនខាន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ថ្ងៃ​ខ្លះ​លោក សូ ចាន់ណា​រី នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ពី​៣​គ្រឿង​ដល់​៥​គ្រឿង ហើយ​ក្នុង​១​គ្រឿង​អាច​ចំណេញ​លុយ​ពី​៣០០០​ដុល្លារ​ទៅ​៥០០០​ដុល្លារ​យ៉ាង​ស្រួលៗ​តែម្តង​។ ករណី​មន្ត្រី​គយ​ចាប់​រថយន្ត​គេចពន្ធ​របស់លោក សូ ចាន់ណា​រី ១​គ្រឿង​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រហែល​ដោយសារ​លោក សូ ចាន់ណា​រី ចង់​ស៊ីដាច់​មន្ត្រី​គយ ក៏ប៉ុន្តែ​ក្រោយ​មានការ​សម្របសម្រួល​ទើប​រថយន្ត​គេចពន្ធ​នោះ​ត្រូវបាន​ដោះលែង​វិញ​ភ្លាមៗ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក សូ ចាន់ណា​រី អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ជា​យូរ​មកហើយ​។ ជាងនេះទៅទៀត​ការដែល​លោក សូ ចាន់ណា​រី អាច​នាំចូល​រថយន្ត​គេចពន្ធ​និង​រថយន្ត​ចង្កូត​ស្ដាំ​ក្នុង​១​ខែៗ​ជាច្រើន​គ្រឿង គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។

Leave a Reply

Your email address will not be published. Required fields are marked *