ប្រភពពីមន្ត្រីពាក់ព័ន្ធនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នទំនិញ ដែលឈ្មួញធំៗ នាំចូលតាម ច្រកនេះបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយ ប៉ុណ្ណោះ ក្រៅពីនេះឈ្មួញឃុបឃិត បែងចែកផលប្រយោជន៍ ជាមួយលោក ងួន កុសល ប្រធាន ការិយាល័យគយច្រកប៉ោយប៉ែត ដែលកំពុងល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ ។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញធំៗកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយលោក ងួន កុសល ដើម្បីពួកគេអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូន។ ជាពិសេសករណីមន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃុបឃិតគ្នាជាមួយឈ្មួញកែឯកសារបន្លំប្រភេទទំនិញបំបាត់ចំណូលពន្ធរដ្ឋ គឺជារឿងដែលលោក គុណ ញឹម អគ្គនាយកគយ មិនគួរមើលរំលងតទៅទៀតនោះទេ។
ប្រភពដែលស្និទ្ធនឹងលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានលើកឡើងថា ទំនងជាលោក ងួន កុសល ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយច្រកប៉ោយប៉ែត ទើបខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់។ ប្រភពបានបញ្ជាក់ទៀតថា ប្រសិនបើមិនចំណាយដើមទុនច្រើនទេនោះ គឺលោក ងួន កុសល មិនអាចទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានស្រួលៗបែបនេះទេ។ ដូច្នហើយទើបត្រឹមមួយរយៈពេលខ្លីសោះលោក ងួន កុសល សាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ហ៊ុយ សុជាតិ អតីតប្រធានការិយាល័យគយច្រកប៉ោយប៉ែត ទៅទៀត។
ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹងថា គ្រាន់តែទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភ្លាមគឺលោក ងួន កុសល ប្រើតួនាទីនិងអំណាចរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ការដែលលោក ងួន កុសល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយក៏មានការឃុបឃិតបើកដៃពីសំណាក់មេគយមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។
ជុំវិញបញ្ហាខាងលើនេះប្រភពពីមន្ត្រីគយខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ងួន កុសល កំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាបង្អែកទៀតផង។ ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ងួន កុសល ហ៊ានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ហើយបែរជាគាបសង្កត់ឈ្មួញនិងអាជីវករតូចតាច ក៏ដូចជាប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកប៉ោយប៉ែត ដោយគ្មានយោគយល់ឡើយ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយឲ្យលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត។បឋម