មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុង ខេត្តបាត់ដំបង បានកត់សម្គាល់ថា រយៈពេល ប៉ុន្មានថ្ងៃកន្លងទៅនេះ លោក ហាក់ សុខរិន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ ទំនិញតាមទីផ្សារក្នុងខេត្តបាត់ដំបង ក្នុងនោះមានទាំងផ្សារទំនើប ហេង ឆាយលី ផងដែរហើយរកឃើញទំនិញ ខូចគុណភាពច្រើនមុខដើម្បីយក ទៅកម្ទេចចោល។ ទង្វើរបស់លោក ហាក់ សុខរិន និងបក្ខពួកគឺជាឧបាយកលក្នុងការបិទបាំងករណីដែលពួកគេឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីតាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន រាប់សិបតោនក្នុងមួយថ្ងៃៗ។ ដូច្នេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល មិនគួរបណ្ដែតបណ្ដោយលោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង ធ្វើអ្វីៗតាមអំពើចិត្តទៀតទេព្រោះល្បិចកលទាំងឡាយរបស់លោក ហាក់ សុខរិន ត្រូវបានមន្ត្រីរាជការនិងពលរដ្ឋក្នុងខេត្តបាត់ដំបង ដឹងច្បាស់រួចទៅហើយ។
មន្ត្រីនៅក្នុងអង្គភាពសាខាកាំកុងត្រូលខេត្តបាត់ដំបង មួយចំនួនបានអំពាវនាវឲ្យលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជាលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង ជាបន្ទាន់។ ដោយហេតុថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែអាចនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមី រាប់សិបតោនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹកជាដើម ហើយលោក ហាក់ សុខរិន បែរជាមកធ្វើសកម្មភាពត្រួតពិនិត្យគុណភាពទំនិញលើទីផ្សារក្នុងខេត្តបាត់ដំបង ដើម្បីយកស្នាដៃទៅវិញ។ ទង្វើរបស់លោក ហាក់ សុខរិន ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា ជាកិច្ចខិតខំប្រឹងប្រែងបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទមដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនក្នុងស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង ទេនោះគឺគ្មានឈ្មួញណាអាចនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីពីទឹកដីសៀមចូលទឹកដីខ្មែរបានឡើយ។ ប្រភពបានសង្កត់ធ្ងន់ថា ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់លោក ហាក់ សុខរិន ទើបមន្ត្រីកាំកុងត្រូលប្រចាំច្រកព្រំដែនក្នុងស្រុកទាំង៣ខាងលើហ៊ានបើកដៃឲ្យឈ្មួញនាំចូលស្លាបមាន់ ជើងមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ គ្រឿងក្នុងគោ និងប្រហិតច្រើនប្រភេទរាប់សិបតោនក្នុងមួយថ្ងៃៗ។ ចំណែកប្រជាពលរដ្ឋដែលនាំចូលទំនិញដូចខាងលើបន្តិចបន្តួច គឺលោក ហាក់ សុខរិន ចាត់វិធានការបង្ក្រាបដោយគ្មានការយោគយល់ឡើយដើម្បីយកស្នាដៃបង្ហាញថ្នាក់លើ។បឋម