ប្រភពពីមន្ត្រីគយនៅខេត្តបាត់ដំបង បាននិយាយថា លោក យូ ហេង បម្រើការងារនៅច្រកទ្វារអន្តរជាតិ ដូងមិនតិចជាង២០ឆ្នាំនោះ ទេ មាន ជំនាញពេញខ្លួនក្នុងការប្រព្រឹត្តអំពើ ពូករលួយ ព្រោះលោក យូ ហេង ចេះលុតក្រាបជាមួយ ប្រធានសាខាគយខេត្ត បាត់ដំបងគ្រប់ជំនាន់ ដើម្បីមានឱកាសប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ កាលជំនាន់លោក ឈុន សុភមង្គល ធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង គឺលោក យូ ហេង ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ហើយនៅពេលដែលលោក យូ ហេង មកធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គឺលោក យូ ហេង នៅតែល្បីល្បាញខាងពុករលួយដដែល។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយរបស់លោក យូ ហេង មេគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជាបន្ទាន់ព្រោះបច្ចុប្បន្នលោក យូ ហេង នៅតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដដែល។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា ចាប់តាំងពីលោក យូ ហេង មកកាន់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គឺមិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឡេង សុខ ដែលជាមេគយច្រកទ្វារអន្តរជាតិដូង នៅឡើយទេ។ ហេតុនេះហើយទើបលោក ឡេង សុខ មេគយច្រកទ្វារអន្តរជាតិដូង នៅតែបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនឃុបឃិតឲ្យឈ្មួញធំៗមួយចំនួននាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ មានការរិះគន់ចំៗថា លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលមានជំនាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ នាពេលកន្លងមកនោះគឺជាអ្នកឃុបឃិតឲ្យលោក យូ ហេង ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា កាលពីជំនាន់លោក ឈុន សុភមង្គល នៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង បានបើកដៃឲ្យលោក យូ ហេង ដែលជាមេគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។ ឥឡូវនេះបន្ទាប់ពីលោក យូ ហេង មកធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង គឺនៅតែបណ្ដោយឲ្យលោក យូ ហេង មេគយច្រកទ្វារអន្តរជាតិដូង ធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះទង្វើរបស់លោក យូ ហេង ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។បឋម