តាមប្រភពពីមន្ត្រីគយ នៅក្រុងប៉ោយប៉ែតបានឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាន់តែច្រើនឡើងៗគឺ ជាប្រភពចំណូលដ៏ សំខាន់របស់ លោក ហ៊ុយ សុជាតិ និងបក្ខពួក។ ផ្ទុយទៅវិញលោក ហ៊ុយ សុជាតិ និងបក្ខពួកបានប្រើអំណាចគាបសង្កត់ឈ្មួញតូចតាច អាជីវករតូចតាច និងពលរដ្ឋដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយគ្មានការយោគយល់បន្តិចណាឡើយ។ ដូច្នេះហើយទើបរឿងអាស្រូវពុករលួយដល់ឆ្អឹងរបស់លោក ហ៊ុយ សុជាតិ មេគយច្រកប៉ោយប៉ែត ត្រូវបានបើកកកាយជាបន្តបន្ទាប់ហើយប្រជាពលរដ្ឋដែលអូសរទេះដឹកជញ្ជូនទំនិញក៏ធ្លាប់ប្រមូលផ្ដុំគ្នាតវ៉ាមុខស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផងដែរ។
រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រការនេះកំពុងធ្វើឲ្យលោក ហ៊ុយ សុជាតិ កាន់តែបានចិត្តក្នុងការប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយហើយមិនខ្វល់ពីចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាននោះទេ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាបន្ទាន់។
ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថាលោក ហ៊ុយ សុជាតិ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណាងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលជាតំណែងត្រូវប៉ាន់យ៉ាងខ្លាំង។ ប្រហែលដោយសារលោក ហ៊ុយ សុជាតិ ចំណាយដើមទុនយ៉ាងច្រើននោះហើយទើបបច្ចុប្បន្នលោក ហ៊ុយ សុជាតិ កំពុងប្រើប្រាស់តួនាទីជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាងនេះទៅទៀតលោក ហ៊ុយ សុជាតិ មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ ទើបហ៊ានធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយមិនខ្វល់ពីវិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយ។
សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម មេគយធំ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខ្លះផង។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា បច្ចុប្បន្នលោក ហ៊ុយ សុជាតិ ឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយថែមទាំងមានករណីបន្លំប្រភេទទំនិញទៀតផង។បឋម