ប្រភពពីសមត្ថកិច្ច ក្នុងខេត្តកោះកុង បានឲ្យដឹងថាទំនិញដែលឈ្មួញនាំ ចូលតាមច្រកប៉ាក់ខ្លង ខេត្តកោះកុង នាពេ លបច្ចុ ប្បន្នគឺបង់ពន្ធត្រឹម២៥ទៅ៣០ ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺ ក្រុមឈ្មួញធំៗបែងចែកផល ប្រយោជន៍ ជាមួយលោក សំ កុសល ដែលល្បីល្បាញខាងពុករលួយជាយូរឆ្នាំមកហើយ។ ការដែលលោក សំ កុសល ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ បានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់វិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយទាំងមូលផងដែរ ។ ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល មិនគួរមើលរំលងបញ្ហាខាងលើនេះទេ ព្រោះឥឡូវនេះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កំពុងបណ្ដែតបណ្ដោយឲ្យលោក សំ កុសល ប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្ត។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ដើម្បីកុំឲ្យមន្ត្រីគយរូបនេះធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀត។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកោះកុង មួយចំនួនបានបង្ហើបឲ្យដឹងថា លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយគ្មានញញើតអ្វីទាំងអស់អោយតែបានគឺចប់?។ ប្រភពបានឲ្យដឹងទៀតថា លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ឃុបឃិតបើកដៃឲ្យឈ្មួញធំៗមួយចំនួននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះឈ្មួញមួយចំនួននៅតែនាំចូលរថយន្តទំនើបៗនិងម៉ូតូគេចពន្ធជាច្រើនគ្រឿងក្នុងមួយថ្ងៃៗព្រោះមានការសម្របសម្រួលបើកនិងដៃពីសំណាក់លោក សំ កុសល ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ទៀតផង។
ប្រភពដែលស្និទ្ធនឹងលោក សំ កុសល បានឲ្យដឹងថា ការដែលលោក សំ កុសល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ហេតុនេះហើយទើបមួយរយៈចុងក្រោយនេះលោក សំ កុសល ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ក្នុងខណៈដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងរក្សាភាពស្ងៀមស្ងាត់ហើយមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នាំគ្នាសម្ងំឈឹងទុកឲ្យលោក សំ កុសល ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងធ្វេរដង ។បឋម