ប្រភពពីមន្ត្រីនិងភ្នាក់ងារគយ ក្នុងខេត្តកណ្ដាល បានបង្ហើបឲ្យដឹងថា រយៈពេលប៉ុន្មានខែចុង ក្រោយនេះឈ្មួញ ធំៗមួយ ចំនួននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកជ្រៃធំនិង ច្រកក្អមសំណ កាន់ តែច្រើនឡើងៗ។ អាចនិយាយបានថា ក្រោយពេលទទួលបានតំណែងជា ប្រធានសាខាគយខេត្ត កណ្ដាល រួចមកគឺលោក វ៉ូ វណ្ណា និងបក្ខពួកឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាពិសេសលោក វ៉ូ វណ្ណា បានបើកដៃឲ្យមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ធ្វើសកម្មភាពប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឆ្លងកាត់គ្រប់ច្រកផ្លូវក្នុងខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ ហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូន។ មានការរិះគន់ចំៗថាលោក វ៉ូ វណ្ណា ប្រធានសាខាគយនិងខេត្តកណ្ដាល មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេហើយចាត់ទុកឈ្មួញទាំងនោះជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្តកណ្ដាល ជាបន្ទាន់ព្រោះករណីឈ្មួញនាំចូលទំនិញគេចពន្ធឆ្លងកាត់ខេត្តកណ្ដាល កំពុងធ្វើឲ្យរដ្ឋខាតបង់ចណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកណ្ដាល មួយចំនួនបានបង្ហើបឲ្យដឹងថា លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្តកណ្ដាល កំពុងប្រើប្រាស់តួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូលតាមច្រកក្អមសំណ និងច្រកជ្រៃធំ បង់ពន្ធចូលរដ្ឋត្រឹមតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមេគយប្រចាំច្រកក្អមសំណ ស្រុកលើកដែក និងច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ឃុបឃិតបែងចែកផលប្រយោជន៍ជាមួយក្រុមឈ្មួញយ៉ាងសុខស្រួល។ ការដែលមេគយនៅច្រកក្អមសំណ និងច្រកជ្រៃធំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្តកណ្ដាល ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។
ប្រភពដែលស្និទ្ធនឹងលោក វ៉ូ វណ្ណា មេគយខេត្តកណ្ដាល បានឲ្យដឹងទៀតថា បច្ចុប្បន្នលោក វ៉ូ វណ្ណា ប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព គឺគ្រប់ឈ្មួញដែលនាំចូលទំនិញឆ្លងកាត់ខេត្តកណ្ដាល ត្រូវបង់លុយតាមការកំណត់មិនអាចគេចវេះបានឡើយ។ ទន្ទឹមនឹងនេះលោក វ៉ូ វណ្ណា បានឃុបឃិតឲ្យមន្ត្រីគយចល័តខេត្តកណ្ដាល គាបយកលុយពីក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ស្រេចតែអំពើចិត្ត។ ប្រការនេះហើយដែលធ្វើឲ្យឈ្មួញមួយចំនួនអត់ធ្មត់តទៅទៀតលែងបានរួចបើកកកាយរឿងអាស្រូវពុករលួយរបស់លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្តកណ្ដាល ជាសាធារណៈដើម្បីឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងឮក៏ដូចជាចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ បើមិនដូច្នេះទេលោក វ៉ូ វណ្ណា ដែលអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាមិនខាន។(មានត)