ក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញឆ្លង កាត់មុខស្នាក់ការគយចល័តចំណុច សាលាក្រហម ស្រុក អូរជ្រៅ ខេត្ត បន្ទាយ មាន ជ័យ បានឲ្យដឹងថា មន្ត្រីគយឈ្មោះ មករា ដែលជាប្រធានស្នាក់ការគយចល័ត ចំណុចសាលាក្រហម គាបយក លុយ ពីពួកគាត់តាមរបៀបពុករលួយដោយមិន ចេញបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះទេ។ ក្រុមឈ្មួញ និងក្រុម អា ជីវករបានឲ្យដឹងទៀតថា ពួកគាត់ដឹកទំនិញផ្សេងៗចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរថយន្តសាំយ៉ុងនិងរថយន្តនីសាន់ ក៏ដូចជាម៉ូតូសណ្ដោងរ៉ឺម៉ក ព្រមទាំងរថយន្តធំៗមួយចំនួនត្រូវមន្ត្រីគយឈ្មោះ មករា គាបយកលុយតាមអំពើចិត្ត។ អាចនិយាយបានថា ប៉ុស្ដិ៍ស្នាក់ការគយចល័តនៅចំណុចសាលាក្រហម ស្រុកអូរជ្រៅ គ្របគ្រងដោយមន្ត្រីគយឈ្មោះ មករា មិនខុសពីកុងត្រូលជជុះនោះទេ ដូច្នេះហើយទើបឈ្មួញនិងអាជីវករអំពាវនាវឲ្យលោកថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ខ្លះផង។
រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់មន្ត្រីគយឈ្មោះ មករា ដែលជាប្រធានស្នាក់ការគយចល័ត នៅចំណុចសាលាក្រហម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងត្រូវក្រុមឈ្មួញ ក្រុមអាជីវករ និងប្រជាពលរដ្ឋដឹកជញ្ជូនទំនិញបើកកកាយជាបន្តបន្ទាប់។ ដោយហេតុថា មន្ត្រីគយចល័តឈ្មោះ មករា បានប្រើអំណាចគាបយកលុយលើតុក្រោមតុពីឈ្មួញ ពីក្រុមអាជីវករ និងពលរដ្ឋដែលដឹកជញ្ជូនទំនិញស្របច្បាប់ដោយគ្មានការយោគយល់ឡើយ។ ផ្ទុយទៅវិញមន្ត្រីគយឈ្មោះ មករា បែរជាឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ក៏ដូចជាទំនិញខុសច្បាប់ឆ្លងកាត់មុខស្នាក់ការគយចល័តនៅចំណុចសាលាក្រហម យ៉ាងសុខស្រួល។
ថ្មីៗនេះប្រភពពីឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងថាមន្ត្រីគយឈ្មោះ មករា បានតម្រូវឲ្យពួកគាត់បង់លុយតាមប្រភេទរថយន្តធុនតូចឬធុនធំដោយមិនអាចតវ៉ាបានឡើយ គឺបង់ពី៣ម៉ឺនរៀល ៨ម៉ឺនរៀល ១០ម៉ឺនរៀល រហូតដល់២៥ម៉ឺនរៀល ហើយមិនទទួលបានបង្កាន់ដៃឬវិក្កយបត្របង់លុយពីមន្ត្រីគយឡើយ។ ក្រុមឈ្មួញនិងក្រុមអាជីវករបានបញ្ជាក់ច្បាស់ថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ ប្រសិនបើមិនចូលបង់លុយឲ្យមន្ត្រីគយឈ្មោះ មករា ដែលជាប្រធានសា្នក់ការគយចល័តនៅចំណុចសាលាក្រហមទេនោះ គឺមន្ត្រីគយឈ្មោះ មករា ប្រើប្រាស់រថយន្តប្រដេញយ៉ាងកំរោលជាមិនខាន។
ក្រុមឈ្មួញនិងក្រុមអាជីវករបានត្អូញត្អែរថា បច្ចុប្បន្នពួកគាត់ពិបាករកស៊ីខ្លាំងណាស់ ព្រោះត្រូវបង់លុយឲ្យសមត្ថកិច្ចគយច្រើនពេក គឺដឹកទំនិញតាមរថយន្តសាំយ៉ុងឬរថយន្តនីសាន់ត្រូវបង់លុយឲ្យមន្ត្រីគយឈ្មោះ មករា ពី៣ម៉ឺនរៀលដល់១០ម៉ឺនរៀល ដូច្នេះពួកគាត់ស្ទើរតែគ្មានសល់ចំណេញដើម្បីដោះស្រាយជីវភាពគ្រួសារឡើយ។ ជុំវិញបញ្ហាខាងលើនេះដែរ ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញបានលើកឡើងថា រឿងអាស្រូវពុករលួយរបស់មន្ត្រីគយឈ្មោះ មករា ដែលជាប្រធានសា្នក់ការគយចល័តចំណុចសាលាក្រហម ស្រុកអូរជ្រៅ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចមកហើយ ក៏ប៉ុន្តែថ្នាក់លើនៅតែបណ្ដោយឲ្យមន្ត្រីគយរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្តដដែល។ ដូច្នេះហើយទើបក្រុមឈ្មួញនិងក្រុមអាជីវករក្នុងខេត្តបន្ទាយមានជ័យ អំពាវនាវជាថ្មីទៀតដល់លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឲ្យចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មន្ត្រីគយឈ្មោះ មករា ដែលជាប្រធានស្នាក់ការគយចំណុចសាលាក្រហម ស្រុកអូរជ្រៅ ជាបន្ទាន់។បឋម