ថ្មីៗនេះមន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរអង្គភាពមួយចំនួនចំណុះសាលាខេត្តសៀមរាប បានបើកកកាយរឿងអាស្រូវពុករលួយរបស់លោក ណម ពិសិដ្ឋ ជាសាធារណៈដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធបានដឹងឮ ហើយចាត់វិធានការទប់ស្កាត់។ មន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរអង្គភាពនានាចំណុះសាលាខេត្តសៀមរាប បានឲ្យដឹងថា នៅពេលពួកគេទៅបើកលុយគម្រោងចំណាយផ្សេងៗ ត្រូវលោក ណម ពិសិដ្ឋ និងបក្ខពួកទាមទារកាត់ភាគរយឬហៅថាលុយទឹកតែតាមអំពើចត្តមិនអាចតវ៉ាបានឡើយ។ ប្រសិនបើមន្ត្រីគណនេយ្យប្រចាំមន្ទីរអង្គភាពណាហ៊ានតវ៉ាមិនចង់កាត់ភាគរយឲ្យលោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប ទេនោះគឺមិនងាយដកបានសាច់ប្រាក់យកទៅទូទាត់តាមគម្រោងចំណាយផ្សេងៗនោះទេ។
កន្លងមករឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប ត្រូវបានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងនេះធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រការនេះហើយទើបលោក ណម ពិសិដ្ឋ កាន់តែបានចិត្តក្នុងការប្រព្រឹត្តអំពើពុករលួយកាត់លុយភាគរយ(លុយទឹកតែ) ពីគម្រោងចំណាយសម្រាប់មន្ទីរអង្គភាពនានាចំណុះសាលាខេត្តសៀមរាប យ៉ាងងងើលបំផុត។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើលោក ណម ពិសិដ្ឋ និងបក្ខពួកដើម្បីទប់ស្កាត់ប្រព្រឹត្តអំពើពុករលួយរបស់លោក ណម ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាពពិតប្រាកដ។
ប្រភពដែលស្និទ្ធនឹងលោក ណម ពិសិដ្ឋ បានបង្ហើបឲ្យដឹងថា ការដែលលោក ណម ពិសិដ្ឋ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើសនេះទៅទៀតលោក ណម ពិសិដ្ឋ តែងយកឈ្មោះលោក អូន ព័ន្ធមុនីរ័ត្ន ទៅប្រើដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនទៀតផង។ ដោយសារតែមានខ្នងបង្អែករឹងមាំបែបនេះហើយទើបថ្មីៗនេះលោក ណម ពិសិដ្ឋ មានជាប់ពាក់ព័ន្ធរឿងអាស្រូវពុករលួយជាមួយក្រុមហ៊ុនរាជសី ក្នុងការស្ដារស្ទឹងសៀមរាប ហើយត្រូវអាជ្ញាធរខេត្តសៀមរាប ចាត់វិធានការផ្អាកសកម្មភាពស្ដារស្ទឹងសៀមរាប ជាបន្ទាន់ទៀតផង។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតឡើយ ព្រោះមកដល់បច្ចុប្បន្នលោក ណម ពិសិដ្ឋ កំពុងបន្តប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។ ទន្ទឹមនឹងនេះលោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប បង្ហាញភាពក្រអឺតក្រទមកាន់តែខ្លាំងក្នុងការប្រព្រឹត្តអំពើពុករលួយប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន។បឋម