ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នទំនិញ ដែលឈ្មួញធំៗនាំចូល តាមច្រកទ្វារអន្តរ ជាតិបាវិត គឺបង់ពន្ធជូនរដ្ឋ ត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺមានការ ឃុបឃិតបែងចែកផល ប្រយោជន៍យ៉ាង សុខស្រួលជាមួយលោក នង សុខុម មេគយច្រកបាវិត និងមន្ត្រីគយចល័តក្នុងខេត្តស្វាយរៀង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញដែលបង្កប់ទំនិញគេចពន្ធតាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរត្រូវបង់លុយក្នុងមួយជើងៗពី៥លានរៀលទៅ៧លានរៀលដោយគ្មានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវឡើយ។ ទន្ទឹមនឹងនេះលោក នង សុខុម មេគយច្រកបាវិត ក៏បានឃុបឃិតជាមួយមេនគរបាលអន្តោប្រវេសន៍ច្រកបាវិត ក្នុងការធ្វើជាខ្នងបង្អែកឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកយួនចូលស្រុកខ្មែរ។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងអំពើពុករលួយរបស់លោក នង សុខុម មេគយច្រកបាវិត តទៅទៀតទេព្រោះចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះគឺលោក នង សុខុម និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក នង សុខុម ប្រធានការិយាល័យគយច្រកនេះ បានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា ទំនិញគេចពន្ធដែលបង្កប់តាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរក៏ដូចជា ទំនិញគេចពន្ធដែលឈ្មួញដឹកជញ្ជូនតាមរថយន្តធុនធំចំណុះរាប់សិបតោនពីទឹកដីយួនចូលទឹកដីខ្មែរតាមច្រកបាវិត គឺជាប្រភពចំណូលដ៏សំខាន់របស់លោក នង សុខុម និងបក្ខពួក។ អំពើពុករលួយរបស់លោក នង សុខុម ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តស្វាយរៀង មួយចំនួនបានបង្ហើបឲ្យដឹងថា លោក នង សុខុម បានចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះលោក នង សុខុម ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក នង សុខុម ប្រធានការិយាល័យគយច្រកបាវិត អាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម។ ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក នង សុខុម មេគយច្រកបាវិត និងលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាំជួយការពារគ្រប់ពេលវេលា.។បឋម