ប្រភពដែលស្និទ្ធនឹងលោក ហ៊ាល ទូច បានឲ្យដឹងថាដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ធា នគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបលោកហ៊ាល ទូច អាចរក្សាបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង យ៉ាងក្រអឺតក្រទម។ ក្រោយពេលរក្សាបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង បន្តទៀតគឺលោក ហ៊ាល ទូច ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយគ្មានញញើតអ្វីទាំងអស់។ មួយផ្នែកនៃលុយដែលបានពីអំពើពុករលួយ គឺត្រូវបានលោក ហ៊ាល ទូច យកទៅផ្គត់ផ្គង់ស្រីស្នេហ៍របស់ខ្លួនដោយគ្មានសេចក្ដីអៀនខ្មាស ហើយបង្ហាញនូវភាពក្រអឺតក្រទមយ៉ាងខ្លាំងដាក់អ្នកសារព័ត៌មានដែលហ៊ានចុះផ្សាយរឿងអាស្រូវរបស់ខ្លួនទៀតផង។
មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពង់ឆ្នាំង មួយចំនួនបានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ជាបន្ទាន់។ ដោយហេតុថា ក្រោយពេលរក្សាបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង តទៅទៀតគឺលោក ហ៊ាល ទូច កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ហើយគំរាមកំហែងទៅលើអ្នកសារព័ត៌មានដែលហ៊ានចុះផ្សាយរឿងអាស្រូវរបស់ខ្លួនទៀតផង។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ បណ្ដោយឲ្យលោក ហ៊ាល ទូច មេគយខេត្តកំពង់ឆ្នាំង ធ្វើអ្វីស្រេចតែអំពើចិត្ត។
ថ្មីៗនេះប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញពីតំបន់ព្រំដែនខ្មែរ-សៀម ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង គឺចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យលោក ហ៊ាល ទូច មេគយខេត្តកំពង់ឆ្នាំង ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនោះទេ។ បើទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ ក៏មិនអាចខកខានក្នុងការបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ហ៊ាល ទូច បានឡើយ។ ទន្ទឹមនឹងនេះឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ឆ្នាំង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ាល ទូច ព្រោះមេគយខេត្តកំពង់ឆ្នាំង រូបនេះគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួល។
តាមប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយដល់ឆ្អឹងរបស់ខ្លួន គឺលោក ហ៊ាល ទូច តែងតែយកឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទៅទន្ទេញជាប់មាត់ហើយធ្វើការគាបសង្កត់ទៅលើមន្ត្រីក្រោមឱវាទសព្វបែបយ៉ាង។ លើសនេះទៅទៀតលោក ហ៊ាល ទូច ក៏អួតអាងពីរឿងខ្លួនមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ទើបអាចរក្សាបានតំណែងប្រធានសាខាគយខេត្តកំពង់ឆ្នាំង យ៉ាងសុខសាន្ត បើទោះបីកាលពីអំឡុងខែមករា ឆ្នាំ២០១៩ មានការផ្លាស់ប្ដូរតំណែងប្រធានសាខាគយជាច្រើនខេត្តបែបណាក៏ដោយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម មិនគួរបណ្ដែតបណ្ដោយឲ្យលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង បន្តសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយបន្តទៀតទៀតទេ ព្រោះទង្វើរបស់លោក ហ៊ាល ទូច កំពុងធ្វើឲ្យប៉ះពាល់ដល់វិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយទាំងមូល។បឋម