ថ្មីៗនេះប្រភពពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី រួចមកគឺលោក ហ៊ុយ សុជាតិ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីទាំងឡាយរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ជាបន្ទាន់។ មន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ឈ្មួញនាំចូលទំនិញនិងប្រេងសាំងគេចពន្ធតាមច្រកនេះយ៉ាងពេញបន្ទុក ព្រោះលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បើកដៃឲ្យប្រធានការិយាល័យគយច្រកដាក់ដាំ ធ្វើអ្វីៗតាមអំពើចិត្ត។
កាលនៅធ្វើជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ហ៊ុយ សុជាតិ ល្បីល្បាញយ៉ាងខ្លាំងក្នុងការប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ឥឡូវនេះនៅពេលទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី គឺលោក ហ៊ុយ សុជាតិ កំពុងប្រើគ្រប់វិធីដើម្បីប្រមូលលុយយ៉ាងសុខស្រួល ហើយមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ ដែលជាមេគយខេត្តមណ្ឌលគិរី ខ្លះផងដើម្បីកុំឲ្យមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចរបស់ខ្លួនធ្វើអ្វីៗតាមអំពើចិត្តទៀត។
តាមការបង្ហើបពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា ទំនងលោក ហ៊ុយ សុជាតិ ចំណាយលុយយ៉ាងច្រើនដើម្បីទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី ទើបលោក ហ៊ុយ សុជាតិ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងតក់ក្រហល់ដោយគ្មានខ្លាចក្រែងអ្វីឡើយ។ ប្រភពបានឲ្យដឹងទៀតថាលោក ហ៊ុយ សុជាតិ កំពុងអនុវត្តន៍តាមបទពិសោធន៍កាលនៅធ្វើជាប្រធានការិយាល័យគយច្រកប៉ោយប៉ែត ក្នុងការប្រព្រឹត្តអំពើពុករលួយ ហើយយកឈ្មោះមេគយធំៗមកធ្វើជាខែលដើម្បីបិទបាំងទង្វើរបស់ខ្លួនយ៉ាងងងើល។ នៅច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ ក៏ដូចជាច្រកទ្វេភាគីឡាប៉ាខេ ក៏ឈ្មួញអាចនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកផងដែរ ព្រោះលោក ហ៊ុយ សុជាតិ បណ្ដោយឲ្យមន្ត្រីគយនៅច្រកទ្វេភាគីទាំង២នោះធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ហ៊ុយ សុជាតិ អាចផ្ទេរពីតំណែងប្រធានការិយោល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកធ្វើជាមេគយខេត្តមណ្ឌលគិរី យ៉ាងរលូន។ បន្ទាប់ពីទទួលបានតំណែងជាមេគយប្រចាំខេត្តមណ្ឌលគិរី រួចមកគឺលោក ហ៊ុយ សុជាតិ មិនដែលចាត់វិធានការបង្ក្រាបឬទប់ស្កាត់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធនោះទេ ហើយមានតែឃុបឃិតឲ្យឈ្មួញនាំចូលកាន់តែច្រើនឡើងៗ។ ប្រភពបានពីសមត្ថកិច្ចពាក់ព័ន្ធបានបង្ហើបឲ្យដឹងថា ករណីក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីទាំង៣កន្លែង ក្នុងខេត្តមណ្ឌលគិរី គឺច្រកដាក់ដាំ ច្រកណាំលៀ និងច្រកឡាប៉ាខេ ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ ។បឋម