ថ្មីៗនេះប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្ត្រីគយប្រចាំច្រកនេះប្រើតួនាទីនិងអំណាចគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញមន្ត្រីគយប្រចាំច្រកទ្វេភាគីដាក់ដាំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះគឺជារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី កំពុងប្រើអំណាចធ្វើអ្វីៗតាមអំពើចិត្ត ហើយទំនិញធំៗដែលឈ្មួញនាំចូលតាមច្រកទ្វេភាគីដាក់ដាំ ឬច្រកទ្វេភាគីណាំលៀ និងច្រកឡាប៉ាខេ គឺបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ។
ប្រភពពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វេភាគីណាំលៀ ច្រកទ្វេភាគីដាក់ដាំ និងច្រកទ្វេភាគីឡាប៉ាខេ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ ដែលជាមេគយខេត្តមណ្ឌលគិរី។ ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានឲ្យដឹងថា ដោយសារចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី ទើបលោក ហ៊ុយ សុជាតិ ខំប្រឹងស្រង់ដើមតាមរបៀបពុករលួយយ៉ាងតក់ក្រហល់។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ហ៊ុយ សុជាតិ នៅឡើយទេ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វេភាគីដាក់ដាំ មានដូចជាគ្រឿងសំណង់ គ្រឿងទេស ទំនិញចាប់ហួយ គ្រឿងឧបរភោគបរិភោគ ភេសជ្ជៈ គ្រឿងកំប៉ុង និងបន្លែផ្លែឈើជាដើម។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូលពីស្រុកយួនដឹកជញ្ជូនតាមរថយន្តធំៗ គឺតម្រង់ចូលទៅក្នុងឃ្លាំងស្តុកទំនិញនៅទីរួមខេត្តមណ្ឌលគិរី ហើយមិនឃើញមន្ត្រីគយនៅច្រកទ្វេភាគីដាក់ដាំ ត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ ទន្ទឹមនឹងនេះមន្ត្រីគយមួយចំនួននៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី កំពុងឃុបឃិតឲ្យឈ្មួញប្រើប្រាស់រថយន្តពាក់ស្លាកលេខយួននិងបើកបរដោយជនជាតិយួនដឹកទំនិញឆ្លងដែនចូលទឹកដីខ្មែរតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងរលូន។
មន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ បានឲ្យដឹងថា ថ្មីៗនេះរថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខយួនដឹកទំនិញពេញប្រៀបដែលគេសង្ស័យថាជាគ្រឿងសំណង់ បានឆ្លងដែនពីទឹកដីយួនចូលទឹកដីខ្មែរដោយមិនឲ្យសមត្ថកិច្ចពាក់ព័ន្ធនៅច្រកនេះត្រួតពិនិត្យមើលប្រភេទទំនិញនោះឡើយ។ ជាងនេះទៅទៀតជាញឹកញាប់គេឃើញរថយន្តធុនធំផ្ទុកទំនិញពេញប្រៀបបើកបរចូលទៅក្នុងឃ្លាំងមួយកន្លែងមានយីហោដេប៉ូឆៃលី នៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ដេប៉ូឆៃលី គឺជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងសំណង់នាំចូលពីស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ហើយភាគច្រើននៃទំនិញនាំចូលរបស់ដេប៉ូនេះត្រូវបានគេដឹងថាគេចពន្ធឬបង់ពន្ធមិនគ្រប់។ ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី កាលពីអំឡុងខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺលោក ហ៊ុយ សុជាតិ កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ព្រោះលោក ហ៊ុយ សុជាតិ អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។បឋម