ប្រភពពីមន្ត្រីគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា រហូតមកដល់ពេលនេះលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត នៅតែបន្តប្រើអំណាចនិងតួនាទីរបស់ខ្លួនដើម្បីប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពបានបញ្ជាក់ថា ទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យី ថុល ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក យី ថុល មិនញញើតក្នុងការបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយនោះទេ។ ការដែលលោក យី ថុល មេគយច្រកព្រែកចាក ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានលោក ហេង សំបូរ មេគយខេត្តកំពត ជាបង្អែករឹងមាំរបស់ខ្លួនហើយលោក ហេង សំបូរ បណ្ដោយឲ្យលោក យី ថុល ធ្វើអ្វីៗតាមអំពើចិត្តរួចមានការបែងចែកផលប្រយោជន៍ ។
រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ហេង សំបូរ មេគយខេត្តកំពត និងលោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានបើកកកាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក ក៏ដូចជាអំពើពុករលួយរបស់លោក ហេង សំបូរ មេគយខេត្តកំពត នៅឡើយទេ។ ដូច្នេះហើយទើបមានសេចក្ដីរាយការណ៍ពីមន្ត្រីគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក ហេង សំបូរ និងលោក យី ថុល ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀតដោយសារអាងមានខ្នងបង្អែករឹងមាំ។
ប្រភពដែលស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក បានឲ្យដឹងថា ក្រោយពេលមានការប្រឈមមុខជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះរឿងអាស្រូវពុករលួយយ៉ាងពេញទំហឹងរបស់លោក យី ថុល មិនអាចបិទបាំងតទៅទៀតបានឡើយ។ ប៉ុន្តែលោក យី ថុល នៅតែបន្តសកម្មភាពប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន ហើយតែងយកឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទៅប្រើដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ បញ្ហានេះគឺជារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក យី ថុល កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ទន្ទឹមនឹងនេះលោក ហេង សំបូរ មេគយខេត្តកំពត តែងជួយបិទបាំងរឿងអាស្រូវពុករលួយសព្វបែបយ៉ាងរបស់លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក ដែលជាអ្នកប៉ិនប្រសប់រកចំណូលឲ្យខ្លួន។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក យី ថុល ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាលើសមុនទៅទៀត ជាពិសេសទាក់ទងទៅនឹងករណីឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញខុសច្បាប់ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងគំហុក។ ផ្ទុយទៅវិញលោក យី ថុល និងបក្ខពួកបានប្រើអំណាចគាបសង្កត់យ៉ាងខ្លាំងទៅលើក្រុមឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញពីស្រុកយួនតាមច្រកព្រែកចាក ដោយគ្មានការយោគយល់បន្តិចណាឡើយ។ ក្រុមឈ្មួញនិងក្រុមអាជីវករតូចតាចក៏បានរិះគន់ដែរថា លោក យី ថុល និងបក្ខពួកគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ ហើយបែរជាឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទប់ស្កាត់អំពើពុករលួយរបស់លោក យី ថុល មេគយច្រកព្រែកចាកខ្លះផង ព្រោះមួយរយៈចុងក្រោយនេះលោក យី ថុល និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយគ្មានញញើតអ្វីទាំងអស់។មានត