ប្រភពដែលស្និទ្ធនឹងមេឈ្មួញល្បីឈ្មោះ សឹង សំអុលបានឲ្យដឹងថាដោយសារអាងមានខ្នងបង្អែករឹងមាំទើបឈ្មួញម្នាក់នេះអាចបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើពីស្រុកកោះញែកខេត្តមណ្ឌលគិរី ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់ដែនជម្រកសត្វព្រៃស្រែពក និងតំបន់អន្ទ្រងកំពុងប្រឈមនឹងសេចក្ដីវិនាសនាពេលឆាប់ៗខាងមុខចៀសមិនផុតឡើយ ព្រោះមេឈ្មួញល្បីឈ្មោះ សឹង សំអុល អាចបន្តបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ។ សកម្មភាពរបស់មេឈ្មួញ សឹង សំអុល និងបក្ខពួកក្នុងការបន្តកាប់ឈើ ដឹកជញ្ជូនឈើចេញទៅស្រុកយួន គឺមានការឃុបឃិតជាប្រព័ន្ធ ហើយអភិបាលខេត្តមណ្ឌលគិរី និងសមត្ថកិច្ចមួយចំនួនក្នុងខេត្តនេះ បានចាត់ទុកមេឈ្មួញ សឹង សំអុល ជាប្រភពចំណូលរបស់ពួកគេទើបពួកគេមិនចាត់វិធានការបង្ក្រាប។ សូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុងខណៈដែលមេឈ្មួញ សឹង សំអុល និងបក្ខពួកបំផ្លាញព្រៃឈើក្នុងខេត្តមណ្ឌលគិរី ឲ្យរលត់រលាយ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បើទោះបីសកម្មភាពបំផ្លាញព្រៃឈើរបស់មេឈ្មួញ សឹង សំអុល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ ជាក់ស្ដែងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយថ្មីៗកន្លងទៅនេះលោក ស្វាយ សំអ៊ាង បានបិទបាំងការពិតថាគ្មានឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួននោះទេ។ លើសនេះទៅទៀតលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឃុបឃិតឲ្យមេឈ្មួញ សឹង សំអុល កាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ទៅស្រុកយួនយ៉ាងរលូន។
មន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទេនោះគឺមេឈ្មួញ សឹង សំអុល និងបក្ខពួកមិនអាចចូលកាប់ឈើហើយដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងរលូនដូចសព្វថ្ងៃនេះទេ។ ជាក់ស្ដែងថ្មីៗនេះមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើតាមរថយន្តធំៗរាប់សិបគ្រឿងពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ចូលខេត្តក្រចេះ ហើយចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន។ មិនតែប៉ុណ្ណោះមេឈ្មួញ សឹង សំអុល បានអួតអាងជាសាធារណៈនៅក្នុងហាងផឹកស៊ីថា ប្រសិនបើនាយឧត្តមសេនីយ៍ សៅ សុខា មិនបង្ក្រាបខ្លួនទេនោះគឺគ្មាននរណាហ៊ានប៉ះពាល់ខ្លួនឡើយ។(មានត)