ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានរថយន្តដឹក ជញ្ជូន ឈើ ដឹកជញ្ជូនទំនិញ ដឹកជញ្ជូនស៊ីម៉ងត៍ ដឹកជញ្ជូនអុស រាប់រយគ្រឿង បើកបរឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត នៅចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម។ ដូច្នេះក្នុងមួយថ្ងៃៗ លោក ហេង ផល្លា និងបក្ខពួកប្រមូល លុយបានរាប់សិបលានរៀលយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម ហើយការដែលលោក ហេង ផល្លា ព្រមទាំងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម ក៏ដូចជាលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងដែរ។ ហេតុនេះលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏ដូចជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ គួរពិនិត្យមើលភាពមិនប្រក្រតីខាងលើនេះផង ព្រោះលោក ហេង ផល្លា និងបក្ខពួកបានប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យក្លាយជាជញ្ជីងថ្លឹងលុយយ៉ាងគឃ្លើន។
រឿងអាស្រូវពុករលួយរបស់លោក ហេង ផល្លា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦អា ចំណុចថ្នល់កែង ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងការប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ ត្រូវបានបណ្ដាញព័ត៌មាននានាផ្សព្វផ្សាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន ដែលជាប្រធានទទួលបន្ទុកជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក ហេង ផល្លា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចថ្នល់កែង ផ្លូវជាតិលេខ៦អា កាន់តែបានដៃក្នុងការប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រថយន្តធំៗដឹកជញ្ជូនទំនិញឬដឹកជញ្ជូនឈើឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម គឺជាប្រភពចំណូលដ៏ធំរបស់លោក ហេង ផល្លា និងបក្ខពួក។ ប្រភពបានឲ្យដឹងទៀតថា រថយន្តយីឌុបភ្លៅ៤ ដឹកជញ្ជូនឈើឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចថ្នល់កែងត្រូវបង់លុយសម្រាប់រថយន្តមួយគ្រឿងពី១០ម៉ឺនរៀលទៅ១៣ម៉ឺនរៀលឬ១៥ម៉ឺនរៀលតាមការផ្ទុកឈើតិចឬច្រើន។ ចំណែករថយន្តដឹកស៊ីម៉ងត៍ ដឹកគ្រឿងសំណង់ផ្សេងៗត្រូវបង់លុយពី៦ម៉ឺនរៀលដល់១០ម៉ឺនរៀលក្នុងមួយជើង ហើយរថយន្តដឹកអុសត្រូវបង់លុយថ្លៃបាយ ថ្លៃទឹក ដល់មន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចថ្នល់កែង ពី៦ម៉ឺនរៀលដល់១០ម៉ឺនរៀលក្នុងមួយជើង។ ក្រុមឈ្មួញដឹកជញ្ជូនឈើនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ បានបញ្ជាក់ថា ពួកគេគ្រាន់តែបើករថយន្តកាត់លើជញ្ជីងដើម្បីឲ្យល្អមើលប៉ុណ្ណោះ ព្រោះពួកគេបង់លុយតាមការកំណត់របស់លោក ហេង ផល្លា និងបក្ខពួករួចទៅហើយ។បឋម