សកម្មភាពរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តលើផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងការប្រមូល លុយពីម្ចាស់រថយន្តធំៗដឹកទំនិញ និងដឹកកសិផលលើសទម្ងន់ ដោយគ្មានការត្រួតពិនិត្យ កំពុងត្រូវបានបើកកកាយជា សាធារណៈ។ មានការរិះគន់ចំៗ ថាក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តនោះកំពុងសប្បាយប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ហើយរថយន្តធំៗផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ផ្លូវជាតិលេខ៦ ទាំងយប់ទាំងថ្ងៃ។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ក្នុងខណៈដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ ក្នុងស្រុកសន្ទុក កំពុងប្រព្រឹត្តអំពើពុករលួយ។
ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មឆ្លងកាត់ផ្លូវជាតិលេខ៦ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បាន្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នោះដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយឲ្យក្រុមមន្ត្រីពុករលួយប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្នុងភូមិត្រើយម្យ៉ាម នោះឡើយ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិត្រើយម្យ៉ាម ជាបន្ទាន់។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ ក្នុងស្រុកសន្ទុក គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍តាមអំពើចិត្ត គឺមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាម មិនចាត់វិធានការតាមច្បាប់ឡើយ។ ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះធ្វើឲ្យខូចផ្លូវ ខូចស្ពានឡើយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក បានឲ្យដឹងថា ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ដោយមិនអាចតវ៉ាបានទេ។ ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ រករឿងឲ្យរើទំនិញចុះឡើងតាមអំពើចិត្តរបស់ពួកគេជាមិនខាន។ ហេតុនេះហើយទើបរថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវជាតិលេខ៦ យ៉ាងគគ្រឹកគគ្រេងបណ្ដោយឲ្យខូចផ្លូវ ខូចស្ពានជាបន្តបន្ទាប់។ បញ្ហានេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងតទៅទៀតទេព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ ក្នុងស្រុកសន្ទុក កំពុងក្លាយទៅជាក្រុមជញ្ជីងថ្លឹងលុយ។(មានត)